លោកប្រធានាធិបតី Donald Trump បាននិយាយថា កន្លែងចម្រាញ់លោហធាតុនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ត្រូវបាន បំផ្លាញទាំងស្រុង បន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរចំនួនបីរបស់ប្រទេសនេះ កាលពីថ្ងៃសៅរ៍។
លោកប្រធានាធិបតី Trump បាននិយាយក្នុងសុន្ទរកថាខ្លីមួយទៅកាន់ប្រជាជាតិកាលពីយប់ថ្ងៃសៅរ៍ថាលោកអាចរាយការណ៍ទៅកាន់ពិភពលោកថាការវាយប្រហារនេះគឺជាជោគជ័យផ្នែកយោធាដ៏អស្ចារ្យ ។
លោក Donald Trump បានប្រកាសថា ការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីជា ជោគជ័យយោធាដ៏អស្ចារ្យ ខណៈព្រមានទីក្រុងតេអេរ៉ង់ថា ការវាយប្រហារនាពេលអនាគតនឹងកាន់តែធំជាងនេះ ប្រសិនបើអ៊ីរ៉ង់មិនស្វែងរកសន្តិភាព និងព្រមានប្រឆាំងកុំឲ្យអ៊ីរ៉ង់តដៃ។
លោកប្រធានាធិបតីបានព្រមានអំពីការសងសឹកភ្លាមៗ ប្រសិនបើអ៊ីរ៉ង់បរាជ័យក្នុងការស្វែងរកសន្តិភាពដោយនិយាយថា ប្រសិនបើសន្តិភាពមិនកើតឡើងយ៉ាងឆាប់រហ័សទេ អាមេរិក នឹងដើរតាមគោលដៅផ្សេងទៀតដោយភាពច្បាស់លាស់ ល្បឿន និងជំនាញ។
លោកថាភាគច្រើននៃទីតាំងនុយក្លេអ៊ែរទាំងនោះ អាចលុបបំបាត់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ការវាយប្រហារបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីនៅ Fordo, Natanz និង Isfahan ដែលបានក្លាយជាសកម្មភាពយោធាដោយផ្ទាល់ជាលើកដំបូងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទឹកដីអ៊ីរ៉ង់ក្នុងប្រវត្តិសាស្ត្រ៕