រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅថ្ងៃអាទិត្យ ទី២២មិថុនាលើបណ្ដាញសង្គម X ថា ការវាយប្រហារគឺការខុសឆ្គងយ៉ាងខ្លាំង ហើយនឹងមានផលវិបាកជារៀងរហូត។ អ៊ីរ៉ង់រក្សាជម្រើសទាំងអស់លើការឆ្លើយតបចំពោះការវាយប្រហាររបស់អាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន
នៅក្នុងប្រតិកម្មផ្លូវការលើកដំបូងចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បាននិយាយថា ទីក្រុងតេអេរ៉ង់មានសិទ្ធិការពារខ្លួនប្រឆាំងនឹង "ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ" របស់សហរដ្ឋអាមេរិក។
យន្តហោះចម្បាំង និងនាវាមុជទឹករបស់អាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបីក្នុងប្រទេសអ៊ីរ៉ង់នៅព្រឹកថ្ងៃអាទិត្យ ដោយនាំយោធាសហរដ្ឋអាមេរិកដោយផ្ទាល់ធ្លាក់ចូលក្នុងសង្រ្គាមរបស់អ៊ីស្រាអែល និងជំរុញឱ្យមានការភ័យខ្លាចថាការវាយប្រហារនេះអាចនាំឱ្យមានការកើនឡើងដ៏គ្រោះថ្នាក់នៅទូទាំងមជ្ឈឹមបូព៌ា។
លោកប្រធានាធិបតី Trump បាននិយាយថា គោលបំណងនៃការវាយប្រហារនេះ គឺបំផ្លាញសមត្ថភាពការផលិតគ្រាប់បែកនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ និងការបញ្ឈប់ការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយរដ្ឋឧបត្ថម្ភភេរវកម្មលេខ ១ របស់ពិភពលោក។ លោកបានអះអាងពីភាពជោគជ័យ ដោយនិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍ពីសេតវិមានថា ទីតាំងនុយក្លេអ៊ែរត្រូវបានបំផ្លាញចោលទាំងស្រុង។
ចំណែកលោក Netanyahu នាយករដ្ឋមន្ត្រីរបស់អ៊ីស្រាអែលវិញ បានថ្លែងអំណរគុណដល់លោក Trump សម្រាប់ការវាយប្រហារលើប្រទេសអ៊ីរ៉ង់៕