ប្រជាជនអ៊ីស្រាអែល បានចេញតវ៉ានៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ២១ មិថុនា ដោយទាមទារឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស ដើម្បីដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ទោះមានការរឹតបន្តឹងលើការប្រមូលផ្តុំដែលដាក់ដោយក្រុមអាជ្ញាធរក៏ដោយ។
ក្រុមបាតុករបានកាន់រូបភាពចំណាប់ខ្មាំងនៅហ្កាហ្សា និងផ្ទាំងប្រកាសដែលសរសេរថា «បញ្ឈប់សង្គ្រាម»។
អ៊ីស្រាអែលប៉ាន់ប្រមាណថា ចំណាប់ខ្មាំង ៥៣ នាក់នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា រួមទាំង ២០ នាក់ដែលត្រូវបានគេជឿថានៅមានជីវិត។
បាតុករម្នាក់ឈ្មោះ Tsipi Haitovsky បានបង្ហាញការព្រួយបារម្ភថា សង្រ្គាមផ្លូវអាកាសដែលកំពុងបន្តរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងរំខានដល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់។
អ្នកស្រី Haitovsky បាននិយាយថា បញ្ហានេះឥឡូវនេះមិនត្រូវបានគេយកចិត្តទុកដាក់ទេ ព្រោះរដ្ឋាភិបាលអ៊ីស្រាអែល និងពិភពលោកទាំងមូលឥឡូវនេះកំពុងសម្លឹងមើលអ្វីដែលកំពុងកើតឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ហើយមនុស្សបានភ្លេចចំណាប់ខ្មាំងក្នុងដៃក្រុមហាម៉ាសអស់ទៅហើយ៕