
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចារ បានបញ្ជាក់ថា ទិដ្ឋភាពជារួមនៃដំណើរការប្រឡងបាក់ឌុបទូទាំងប្រទេសនៅថ្ងៃទី១នេះ បានដំណើរការទៅដោយរលូន និងប្រកបដោយសន្តិសុខ និងសណ្ដាប់ធ្នាប់ល្អ។
លោក រស់ សុវាចារ បានបញ្ជាក់បែបនេះតាមតេឡេក្រាមនៅល្ងាចថ្ងៃនេះ បន្ទាប់ពីបញ្ចប់ដំណើរការប្រឡងបាក់ឌុបថ្ងៃទី១។
អ្នកនាំពាក្យរូបនេះ ឱ្យដឹងផងដែរថា បេក្ខជនប្រឡងមួយចំនួន មានបញ្ហាសុខភាពអំឡុងពេលដំណើរការសំណេរនៅថ្ងៃនេះ ដូចជាវិលមុខ ខ្យល់គរ ក្អួត ប៉ុន្តែ លោកថា សុទ្ធតែទទួលបានការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការតាមមណ្ឌលប្រឡង។
បើតាមក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងបាក់ឌុបរយៈពេល ២ថ្ងៃនៅឆ្នាំនេះ ត្រូវបានរៀបចំបែងចែកជា ២០៤មណ្ឌល ឬស្មើនឹង ៤ ៦១៦បន្ទប់ នៅទូទាំងប្រទេស ដោយមានបេក្ខជនសរុបជាង ១១៤ ១៨៣នាក់ ក្នុងនោះមានស្ត្រី ៦០ ៣៩៧នាក់ បានចុះឈ្មោះប្រឡងនៅឆ្នាំនេះ៕ អត្ថបទ៖ សុធី







