ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ស្វយ័ត ខ្វាងស៊ី ច័ងស៊ូ (Guangxi Zhuang) ភាគខាងត្បូងនៃប្រទេសចិន បានរុញឲ្យទឹកក្នុងទន្លេមួយក្នុងទីក្រុងលីវជូ(Liuzhou)ហក់ឡើងប្រៀបច្រាំង កាលពីថ្ងៃសៅរ៍ ២១ មិថុនា ខណៈទឹកជំនន់នៅតែបន្តជន់លិចពាសពេញតំបន់។
រូបភាពពីទូរទស្សន៍រដ្ឋចិន CCTV បានបង្ហាញថាភ្លៀងធ្លាក់ខ្លាំងបានលិចដីស្រែចំការ និងបង្កឱ្យមានបំណាក់ដី។កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានដាក់ពង្រាយដើម្បីសម្អាតកម្ទេចកម្ទី និងថ្ម។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៧៨ នាក់ត្រូវបានជម្លៀសចេញពីស្រុកស្វយ័ត បាម៉ា យ៉ាវ (Bama Yao) ជាកន្លែងដែលទឹកជំនន់បានជន់លិចផ្ទះជាច្រើនខ្នង។
រដ្ឋបាលឧតុនិយមរបស់ប្រទេសចិនបានបន្តចេញការព្រមានពណ៌លឿងទុំសម្រាប់ទឹកជំនន់ ខណៈ រដូវវស្សារបស់ប្រទេសនេះបានមកដល់លឿនជាងធម្មតាក្នុងឆ្នាំនេះ។
មនុស្សប្រហែល ៧០.០០០នាក់ ត្រូវបានជម្លៀស និងផ្លាស់ទីលំនៅទៅកាន់កន្លែងមានសុវត្ថិភាព ស្របពេលមានទឹកជំនន់នៅភាគខាងត្បូងប្រទេសចិន នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អំឡុងពាក់កណ្ដាលសប្ដាហ៍នេះ។
ប្រទេសចិនកំពុងជួបប្រទះភ្លៀងធ្លាក់ខ្លាំង និងភ្លាមៗនៅក្នុងផ្នែកជាច្រើន ដែលក្រុមអ្នកឧតុនិយមបានប៉ាន់ប្រមាណថាមកពីការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យប្រជាជនដ៏ច្រើនរបស់ខ្លួនងាយរងគ្រោះដោយសារគ្រោះមហន្តរាយដែលពាក់ព័ន្ធនានា៕