ភ្នំពេញ ៖ឯកឧត្តម ផារ៉ា មង្គល សមាជិកគណកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន៦២នាក់ ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបាន លើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋមួយរូប និងជាសមាជិកគណបក្ស ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមចំណែកដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាយើង។
ជាមួយការលើឡើងបែបនេះ ឯកឧត្តម ផារ៉ា មង្គល បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងគិតគូ ពីសុខទុករបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាស ឬនិន្នាការនយោបាយឡើយ ។
ឯកឧត្តម បន្ថែមថា បច្ចុប្បន្ន ក្រោមការបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត សុខសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ នៅក្នុងប្រទេសបាននឹងកំពុងបន្តធ្វើជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយភាពស្វាហាប់ ក្តីសង្ឃឹម ដែលកម្ពុជាមិនធ្លាប់មានពីមុនមក។ ស្របតាមគោលការណ៍ រក្សាចាស់ បង្កើនថ្មី ដើម្បីធានាការពង្រីក និងពង្រឹងសមាជិកបក្ស ឳ្យកាន់តែល្អនិងរឹងមាំថែមទៀត ប្រយោជន៍បន្តដឹកនាំប្រទេសឳ្យកាន់តែរីកចម្រើន លើគ្រប់វិស័យថែមទៀត ។ ជាការពិត សុខសន្តិភាព ស្ថេរភាពនយោបាយ គឺជាចំណែកយ៉ាងធំមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសជាតិ ក្នុងនោះ យើងគាំយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងបុព្វហេតុដើម្បីការពារអធិបតេយ្យភាពទឹកដីជាតិកម្ពុជា និងការកសាងព្រំដែនសន្តិភាពជាមួយប្រទេសជិតខាង។
ឯកឧត្តម ផារ៉ា មង្គល ក៏បានណែនាំ និងបញ្ជាក់ថា លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង របស់គណបក្ស ចាំបាច់សមាជិកត្រូវចងចាំនូវភារកិច្ចរបស់ខ្លួន ក្នុងនាមជាសមាជិកគណបក្ស ត្រូវផ្អែកគោលការណ៍ឬសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ដែលនេះ ជាកត្តាដែលកំណត់បាននូវជ័យជម្នះរបស់គណបក្ស៕
ដោយ ៖ ជឹង សេងឡុង




