កំពង់ឆ្នាំង៖ គិតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋជាជនចាស់ជរាក្រីក្រដែលមានជំងឺភ្នែកប្រមាណជាង២ពាន់នាក់ក្នុងខេត្តកំពង់ឆ្នាំង បានទទួលសេវាព្យាបាល វះកាត់ជំងឺបាយភ្នែក កន្ទុយថ្លែនដោយឥតគិតថ្លៃ ពីមន្ទីរសុខាភិបាលខេត្ត, គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកខេត្ត, អង្គការវ៉ា(WAH) សហការជាមួយក្រុមវេជ្ជបណ្ឌិតមកពីប្រទេសសឹង្ហបុរី, នេប៉ាល់។ នេះបើយោងតាមការអោយដឹងពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបន្តថា៖ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យសុខាភិបាល បានយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងសុខភាពភ្នែកផងដែរ។ ដើម្បីរួមចំណែកជាមួយក្រសួងសុខាភិបាលក្នុងការកាត់បន្ថយការពិការភ្នែក អោយមកនៅត្រឹម០,៣៥% នៅថ្ងៃនេះ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង, គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកខេត្ត, អង្គការវ៉ា(WAH), បានសហការគ្នាជាមួយក្រុមគ្រូពេទ្យជំនាញជំងឺភ្នែកមកពីបរទេស បានចុះជួយព្យាបាល និងវះកាត់ភ្នែកជំងឺបាយភ្នែក និងកន្ទុយថ្លែន ជូនបងប្អូនប្រជាពលរដ្ឋជាជនចាស់ជរាក្នុងខេត្តកំពង់ឆ្នាំង។ រយៈពេល៤លើកមកហើយ ដែលក្រុមគ្រូពេទ្យជំនាញភ្នែកកម្ពុជា, អង្គការវ៉ា(WAH) និងគ្រូពេទ្យជំនាញមកពីបរទេស បានសហការព្យាបាល វះកាត់ដោយឥតគិតថ្លៃ ដែលមានប្រជាពលរដ្ឋជាជនជាង២ពាន់នាក់ដែលមានជម្ងឺបាយភ្នែក និងជម្ងឺកន្ទុយថ្លែនបានព្យាបាល និងវះកាត់រួច បើគិតចាប់ពីឆ្នាំ២០១៩មកដល់ពេលនេះ។
លោកស្រីវេជ្ជបណ្ឌិត ពូន កែវរ៉ានី ប្រធានអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព(WAH) បានថា៖ អង្គកាវ៉ា(WAH) គឺជាអង្គការមួយដែលដែលបានអនុវត្តគម្រោងនានាជាច្រើន ក្នុងការលើកកម្ពស់សុខមាលភាពសង្គមជនបទ ដោយផ្តោតសំខាន់លើវិស័យសុខាភិបាល ដែលទទួលជំនួយពីប្រទេសសឹង្ហបុរី។ ដោយមើលឃើញពីបញ្ហាជំងឺភ្នែកបានកើតច្រើនលើប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយ៉ាល ការយល់ដឹងពីសុខភាពភ្នែករបស់ប្រជាពលរដ្ឋហាក់នៅមានកំរិតនៅឡើយ នៅថ្ងៃនេះ ក្រោមជំនួយនៃកិច្ចសហប្រតិបត្តិការសប្បុរសជននៅទីក្រុងហុងកុង ក្រុមគ្រូពេទ្យប្រទេសសឹង្ហបុរី, នេប៉ាល់, និងក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកខេត្ត បានចុះពិនិត្យព្យាបាលវះកាត់ជំងឺភ្នែកដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ដើម្បីធ្វើអោយសុខភាពភ្នែករបស់ពួកគាត់មើលឃើញ មិនងងឹតដូចពេលមុន។
ប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យព្យាបាលវះកាត់ជំងឺបាយភ្នែក និងកន្ទុយថ្លែន បានថ្លែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅដល់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង គ្រូពេទ្យេជំនាញនៃមន្ទីរេពេទ្យបង្អែកខេត្ត និងក្រុមគ្រូពេទ្យជំនាញមកពីប្រទេសសឹង្ហបុរី នេប៉ាល់ និងសប្បុរសជនមកពីទីក្រុងហុងកុង ដែលបានទទួលពិនិត្យព្យាបាលជំងឺ និងវះកាត់ភ្នែកជូនពួកគាត់ដោយឥតគិតថ្លៃ និងបង្ករលក្ខណៈងាយស្រួលជូនពួកគាត់ក្នុងអំឡុងពិនិត្យ និងព្យាបាលវះកាត់នេះផងដែរ៕ កាំង ហុងវាស្នា