ការតវ៉ាប្រឆាំងការលូកដៃរបស់យោធាអាមេរិកក្នុងប្រទេសអ៊ីរ៉ង់ កំពុងផ្ទុះឡើងក្នុងទីក្រុងញូវយ៉ក វ៉ាស៊ីនតោន និងទីក្រុងធំៗជាច្រើន ព្រមទាំងនៅខាងក្រៅសេតវិមានកាលពីថ្ងៃទី២២ ខែមិថុនា ស្រែកថា កុំឲ្យអាមេរិកពាក់ព័ន្ធឧក្រិដ្ឋកម្មសង្គ្រាម ហើយដកអាមេរិកឆ្ងាយពីសង្គ្រាមមជ្ឈិមបូព៌ា។គេរំពឹងថាការតវ៉ានឹងបន្តពេញមួយសប្តាហ៍ក្នុងសហគមន៍នានាទូទាំងប្រទេស។

ក្នុងរដ្ឋធានីតេអេរ៉ង់ ដែលរងការវាយប្រហារពីអាមេរិកឯណោះវិញ មនុស្សរាប់ម៉ឺននាក់ រួមទាំងប្រធានាធិបតីអ៊ីរ៉ង់ផងដែរ បានរៀបចំការតវ៉ាដ៏ធំដោយស្ថីបន្ទោសថា គ្មាននរណាកអាក្រក់ជាងលោក Trump ទេ ខណៈពួកគេថ្កោលទោស និងជំរុញឱ្យមានការឆ្លើយតបខ្លាំងក្លា។
ចំណែកនៅកាណាដាវិញ ក្រុមបាតុករបានចូលរួមការតវ៉ាដោយស្រែកថាដោះលែងអ៊ីរ៉ង់ នៅខាងក្រៅការិយាល័យកុងស៊ុលសហរដ្ឋអាមេរិកនៅទីក្រុង Toronto ប្រទេសកាណាដា កាលពីថ្ងៃអាទិត្យ ២២ មិថុនា និងបានថ្កោលទោសការជាប់ពាក់ព័ន្ធរបស់លោកខាងលិចក្នុងជម្លោះ ហើយក៏កំពុងអំពាវនាវឱ្យរដ្ឋាភិបាលកាណាដាដាក់ទណ្ឌកម្មអ៊ីស្រាអែល និងអនុវត្តការហាមប្រាមអាវុធលើអ៊ីស្រាអែល។
រីឯជនជាតិក្រិករាប់រយនាក់បានដើរដង្ហែទៅកាន់ស្ថានទូតអាមេរិកនៅរដ្ឋធានីអាតែនកាលពីថ្ងៃអាទិត្យ ២២ មិថុនា ក្នុងការតវ៉ាមួយដែលរៀបចំដោយអង្គការយុវជននៃបក្សកុម្មុយនិស្តក្រិក បន្ទាប់ពីការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះរបស់ដ្ឋអាមេរិកលើអ៊ីរ៉ង់។
នៅប៉ាគីស្ថាន ក្រុមបាតុកររាប់ពាន់នាក់បានដើរដង្ហែរនៅទីក្រុង Karachi និងរដ្ឋធានី Islamabad ដ៏ធំរបស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យ ២២ មិថុនា ថ្កោលទោសការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការឈ្លានពានរបស់អ៊ីស្រាអែលក្នុងតំបន់ ដោយខ្លះជាន់ឈ្លីទង់ជាតិអាមេរិកដែលមានរូបប្រធានាធិបតីអាមេរិក Donald Trump ។
នៅថ្ងៃនោះដែរក្រុមបាតុករពោពេញដោយកំហឹងនៅភាគខាងកើតប្រទេសឥណ្ឌា បានដុតរូបតំណាងរបស់ប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអាទិត្យ ២២ មិថុនា ដោយថ្កោលទោសការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

