យោធា និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ (២២ មិថុនា) ថា កងកម្លាំងអ៊ីស្រាអែល បានរកឃើញសាកសពចំណាប់ថ្នូរ ៣នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប ចាប់តាំងពីការវាយប្រហារឆ្នាំ២០២៣ របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។

ចំណាប់ថ្នូរទាំងនោះត្រូវបានកំណត់អត្តសញ្ញាណថាជាជនស៊ីវិល ឈ្មោះ Ofra Keidar និង Yonatan Samerano និងទាហានម្នាក់ឈ្មោះ Shay Levinson។ យោធានិយាយថា អ្នកទាំង ៣នាក់នេះត្រូវបានសម្លាប់នៅថ្ងៃនៃការវាយប្រហារទី០៧ ខែតុលា ឆ្នាំ២០២៣។ ជាមួយនឹងការនាំសព ៣នាក់នាំយកមកវិញ ឥឡូវនេះនៅសល់ចំណាប់ថ្នូរ ៥០នាក់ទៀតក្នុងតំបន់ហ្កាហ្សា ដែលក្នុងចំណោមនោះមានតែ ២០នាក់ប៉ុណ្ណោះដែលជឿថានៅមានជីវិត។
យោងតាមអាជ្ញាធរអ៊ីស្រាអែលបានឱ្យដឹងថា មនុស្សប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់ និង ២៥១នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ ក្នុងអំឡុងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល។
យុទ្ធនាការសងសឹករបស់អ៊ីស្រាអែល ជាបន្តបន្ទាប់ប្រឆាំងនឹងក្រុមហាម៉ាស នៅហ្កាហ្សាចាប់តាំងពីពេលនោះមក បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥៥.០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយហាម៉ាស ហើយសកម្មភាពយោធាអ៊ីស្រាអែល ក៏បានជម្លៀសស្ទើរតែទាំងអស់នៃចំនួនប្រជាជនហ្កាហ្សា ២,៣លាននាក់៕

