ក្រុមសិទ្ធិមនុស្សបាននិយាយនៅថ្ងៃចន្ទទី២៣មិថុនាសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់រហូតមកដល់ពេលនេះបានកើនឡើងដល់៩៥០ នាក់ និងមនុស្សចំនួន ៣.៤៥០ នាក់ផ្សេងទៀតបានរងរបួស ។

ក្រុមសកម្មជនសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានផ្តល់តួលេខនេះ ដែលគ្របដណ្តប់ប្រទេសអ៊ីរ៉ង់ទាំងមូល។ ក្រុមនេះបានកំណត់អត្តសញ្ញាណអ្នកស្លាប់ជាជនស៊ីវិលចំនួន៣៨០នាក់ និង២៥៣នាក់ ជាបុគ្គលិកសន្តិសុខ ។
អ៊ីរ៉ង់ ពុំបានផ្តល់ចំនួនអ្នកស្លាប់ជាប្រចាំក្នុងអំឡុងពេលមានជម្លោះនោះទេ ហើយបានកាត់បន្ថយចំនួនអ្នកស្លាប់នាពេលកន្លងមក។
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ ក្រសួងសុខាភិបាលអ៊ីរ៉ង់បាននិយាយថា ជនជាតិអ៊ីរ៉ង់ប្រហែល ៤០០ នាក់ត្រូវបានសម្លាប់ និង ៣.០៥៦ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។
ចំណែកនៅភាគីអ៊ីស្រាអែលវិញ មនុស្ស២៥នាក់ បានស្លាប់ និងជាង២.៥០០នាក់ បានរងរបួស ក្នុងការវាយប្រហារពីអ៊ីរ៉ង់ នេះបើយោងតាមតួលេខបញ្ចេញដោយក្រុមអាជ្ញាធរអ៊ីស្រាអែល៕

