អតីតប្រធានាធិបតីរុស្ស៊ីបាននិយាយថា ប្រទេសជាច្រើនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឱ្យអ៊ីរ៉ង់នូវក្បាលគ្រាប់នុយក្លេអ៊ែរ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី។

លោក Dmitry Medvedev ដែលឥឡូវនេះជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ីបាននិយាយក្នុងការបង្ហោះលើបណ្ដាញសង្គមX កាលពីថ្ងៃអាទិត្យថា ការចម្រាញ់វត្ថុធាតុនុយក្លេអ៊ែរ និងការផលិតអាវុធនុយក្លេអ៊ែរនាពេលអនាគតនឹងបន្ត ។
លោក Medvedev បាននិយាយថា ប្រទេសមួយចំនួនបានត្រៀមខ្លួនជាស្រេចក្នុងការផ្គត់ផ្គង់ប្រទេសអ៊ីរ៉ង់ដោយផ្ទាល់នូវក្បាលគ្រាប់នុយក្លេអ៊ែររបស់ពួកគេ។
លោក Medvedev មិនបានបញ្ជាក់ច្បាស់ពីឈ្មោះប្រទេសដែលអាចចូលរួមនិងគាំទ្រអ៊ីរ៉ង់ទេ។ ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីជាប្រវត្តិសាស្ត្របានគាំទ្រកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានស្នើខ្លួនជាអ្នកសម្របសម្រួលកិច្ចចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលផងដែរ កាលពីថ្ងៃពុធ សប្ដាហ៍មុន។
ទីក្រុងមូស្គូក៏បានផ្ដល់ការធ្វើអន្តរាគមន៍ និងជួយចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផងដែរ។
ទីក្រុងមូស្គូបានចូលរួមក្នុងកិច្ចព្រមព្រៀងអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថាជាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ ។ កិច្ចព្រមព្រៀងនេះបានដកទណ្ឌកម្មលើអ៊ីរ៉ង់ជាថ្នូរនឹងការកម្រិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែលោក Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០១៨៕

