ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នាក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហារដោយយោធាសហរដ្ឋអាមេរិកទៅលើរោងចក្រនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ដោយបង្ហាញពីការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ក្នុងចំណោមប្រទេសមហាអំណាចពិភពលោក។

ក្នុងអំឡុងពេលកិច្ចប្រជុំនោះ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បានថ្កោលទោសការវាយប្រហារនេះ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់សន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ(NPT) ទៅជា «អាវុធនយោបាយ» ដែលត្រូវបានប្រើជាលេសសម្រាប់ «ការឈ្លានពាន និងធ្វើសកម្មភាពដោយខុសច្បាប់»។ លោកបានព្រមានថា ការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ នឹងត្រូវបានប្តេជ្ញាដោយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

បេសកជនស្តីទីសហរដ្ឋអាមេរិក លោកស្រី Dorothy Camille Shea បានការពារការវាយប្រហារនេះដោយនិយាយថា អ៊ីរ៉ង់បានរារាំងការចរចា និងបង្កការគំរាមកំហែងកាន់តែខ្លាំងឡើង។ លោកស្រី និយាយថា «របបអ៊ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ» ដោយជំរុញឱ្យក្រុមប្រឹក្សា អំពាវនាវឱ្យអ៊ីរ៉ង់បោះបង់ចោលការស្វែងរកអាវុធនុយក្លេអ៊ែរ និងបញ្ចប់ការគំរាមកំហែងរបស់ប្រទេសនេះប្រឆាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោក Danny Danon បានគាំទ្រការព្រមាននេះ ដោយចោទអ៊ីរ៉ង់ថាបានប្រើផ្នែកការទូតដើម្បីពន្យាពេល ខណៈខ្លួនផលិតមីស៊ីលនិងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។ លោកបាននិយាយបន្តថា «កុំធ្វើឲ្យមានកំហុស ការចំណាយលើភាពអសកម្មនឹងក្លាយជាមហន្តរាយ»។
រុស្ស៊ី ចិន និងប៉ាគីស្ថាន បានផ្សព្វផ្សាយសេចក្តីព្រាងសេចក្តីសម្រេចមួយក្នុងអំឡុងពេលកិច្ចប្រជុំ ដោយអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ និងគ្មានលក្ខខណ្ឌ នៅមជ្ឈិមបូព៌ា។