ក្រសួងការបរទេសអាមេរិក បានបង្កើនចំនួនជើងហោះហើរជម្លៀសបន្ទាន់ទ្វេដង ដែលខ្លួនកំពុងផ្តល់ជូនពលរដ្ឋអាមេរិក ដែលចង់ចាកចេញពីអ៊ីស្រាអែល ដោយបានបញ្ជាឱ្យជម្លៀសបុគ្គលិកដែលមិនសំខាន់ពីស្ថានទូតអាមេរិក នៅលីបង់ ហើយកំពុងបង្កើនការព្រមានធ្វើដំណើរជុំវិញមជ្ឈិមបូព៌ា ដោយសារតែក្ដីបារម្ភថា អ៊ីរ៉ង់នឹងសងសឹកប្រឆាំងនឹងផលប្រយោជន៍របស់អាមេរិក នៅក្នុងតំបន់ ឆ្លើយតបនឹងការវាយប្រហារនៅចុងសប្តាហ៍លើរោងចក្រនុយក្លេអ៊ែររបស់ខ្លួន។

នៅក្នុងសារព្រមានដាស់តឿនមួយផ្ញើទៅកាន់ជនជាតិអាមេរិកទាំងអស់នៅទូទាំងពិភពលោក ហើយបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអាទិត្យ (២២ មិថុនា) ក្រសួងការបរទេសបានព្រមានពលរដ្ឋអាមេរិកទាំងអស់នៅបរទេសឱ្យអនុវត្តការប្រុងប្រយ័ត្នជានិច្ច។
សារព្រមាននោះនិយាយថា "ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ បានបណ្តាលឱ្យមានការរំខានដល់ការធ្វើដំណើរ និងការបិទដែនអាកាសមួយរយៈនៅទូទាំងមជ្ឈិមបូព៌ា។ មានភាពអាចទៅរួចខ្ពស់សម្រាប់សកម្មភាពប្រឆាំងនឹងពលរដ្ឋអាមេរិក និងផលប្រយោជន៍នៅបរទេស ដូចនេះក្រសួងការបរទេសសូមណែនាំដល់ពលរដ្ឋអាមេរិកទូទាំងពិភពលោក ឱ្យបង្កើនការប្រុងប្រយ័ត្ន"។
ជាមួយគ្នានេះ ក្រសួងក៏បានចេញការព្រមានដល់ពលរដ្ឋអាមេរិកនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងទួរគី ឱ្យប្រុងប្រយ័ត្នផ្នែកសន្តិសុខបន្ថែម ដោយសារភាពមិនច្បាស់លាស់នេះ ហើយបង្កើនជើងហោះហើរជម្លៀសពលរដ្ឋអាមេរិក ពីអ៊ីស្រាអែលទៅកាន់អឺរ៉ុប និងបន្តដកបុគ្គលិករបស់ខ្លួននៅបេសកកម្មការទូតនៅអ៊ីរ៉ាក់ ដើម្បីទប់ទល់សកម្មភាពគ្រោះថ្នាក់ណាមួយ៕

