អាជ្ញាធរសុខាភិបាល និងប្រភពសន្តិសុខបាននិយាយថា មនុស្សយ៉ាងហោចណាស់២០នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួស នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានបំផ្ទុះខ្លួនឯងនៅវិហារ Mar Elias ក្នុងរដ្ឋធានីដាម៉ាស របស់ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ។

វាគឺជាការបំផ្ទុះគ្រាប់បែកអត្តឃាតលើកដំបូងនៅក្នុងទីក្រុងដាម៉ាស ចាប់តាំងពីលោក Bashar al-Assad ត្រូវបានផ្តួលរំលំដោយការបះបោររបស់ក្រុមឧទទ្ទាមដឹកនាំដោយក្រុមអ៊ីស្លាមនិយម កាលពីខែធ្នូ។ ក្រសួងមហាផ្ទៃប្រទេសស៊ីរី និយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតជាសមាជិកក្រុមរដ្ឋឥស្លាម។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយបន្ថែមថា អ្នកបំផ្ទុះបានដើរចូលទៅក្នុងព្រះវិហារ បានបើកការបាញ់ប្រហារ ហើយក្រោយមកបានបំផ្ទុះគ្រាប់បែក។

ប្រភពព័ត៌មានពីសន្តិសុខ បាននិយាយថា បុរសពីរនាក់បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ រួមទាំងបុរសម្នាក់ដែលបានបំផ្ទុះខ្លួនឯង។ បុព្វជិតនៅព្រះវិហារបាននិយាយថា ការបាញ់ប្រហារនៅខាងក្រៅត្រូវបានគេឮ មុនពេលមនុស្សពីរនាក់ដើរចូលព្រះវិហារជាមួយគ្រឿងផ្ទុះអំឡុងពេលពិធីជួបជុំធំមួយកាលពីថ្ងៃអាទិត្យ។
ប្រភពសន្តិសុខមួយផ្សេងទៀតបាននិយាយថា ក្រុមរដ្ឋអ៊ីស្លាមបាននៅពីក្រោយការប៉ុនប៉ងវាយប្រហារជាច្រើនលើកលើព្រះវិហារនៅក្នុងប្រទេសស៊ីរីចាប់តាំងពីការដួលរលំរបស់លោក Assad ប៉ុន្តែនេះគឺជាការទទួលបានជោគជ័យលើកដំបូង។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសស៊ីរី បានដកស្រង់សម្តីរបស់ក្រសួងសុខាភិបាលនិយាយថា មនុស្ស ៥២ នាក់ បានរងរបួសនៅក្នុងការបំផ្ទុះនេះ។