ប្រដាល់សកល៖ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានលើកឡើងថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ បានទទួលជោគជ័យទាំងការចូលរួម និងការឧបត្ថម្ភគាំទ្រពីសប្បុរសជន។ ការអះអាងនេះ បន្ទាប់ពីព្រឹត្តិការណ៍ប្រចាំឆ្នាំនេះបានបិទបញ្ចប់ដោយជោគជ័យ នៅក្លិបនាយកដ្ឋានអង្គរក្សកាលពីល្ងាចថ្ងៃទី២៦ ខែធ្នូម្សិលមិញ។

លោកបានបញ្ជាក់ថា ជើងឯកថ្នាក់ជាតិឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួមកើនឡើងជាង ១០០% បើធៀបនឹងឆ្នាំមុន ហើយកម្រិតបច្ចេកទេសនៃការប្រកួតក៏រីកចម្រើនគួរឲ្យកត់សម្គាល់ដែរ។ អ្វីដែលពិសេសគឺមានសប្បុរសជន និងវិស័យឯកជនច្រើនបានឧបត្ថម្ភគាំទ្រ ដែលធ្វើឲ្យសហព័ន្ធកាន់តែមានកម្លាំងចិត្ត ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡានេះកាន់តែរីកចម្រើនបន្ថែមទៀត។ ការប្រកួតកីឡាប្រដាល់សកលជើងឯកថ្នាក់ជាតិឆ្នាំនេះ បានដំណើរការប្រកួតរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ៨១នាក់មកពី ១៩សមាគម/ក្លិប និងប្រកួតលើ ១០វិញ្ញាសា។ ជាលទ្ធផលបច្ចេកទេស ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឈរលេខ១ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៧គ្រឿងរួមមានមេដាយមាស ៥, ប្រាក់ ១ និងសំរឹទ្ធ ១ តាមពីក្រោយដោយក្លិបគុជសាសរមានរិទ្ធឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១។
ដោយឡែកខេត្តកណ្ដាល និងខេត្តរតនៈគិរីឈរលេខ៣ ស្ទួនឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ ដូចគ្នា។ រីឯក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក និងក្លិបក្រសួងការពារជាតិដណ្ដើមបានមេដាយមាស ១គ្រឿងដូចគ្នា។ ក្រៅពីនេះក៏មានសមាគម/ក្លិបចំនួន ១២ទៀតក៏ដណ្ដើមបានមេដាយប្រាក់ និងមេដាយសំរឹទ្ធផងដែរ។ ពិធីបិទការប្រកួតនេះធ្វើឡើងក្រោមវត្តមានឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយឯកឧត្តមក៏បានឧបត្ថម្ភថវិកា ១០លានរៀលផងដែរ៕
អត្ថបទ៖ លី ឈុនឡា