វិនិយោគិនបាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ អាចជំរុញឱ្យតម្លៃប្រេងឡើងកាន់តែខ្ពស់ និងបង្កឱ្យមានការប្រញាប់ប្រញាល់រត់ទៅកាន់ទីផ្សារសុវត្ថិភាព ខណៈពិភពហិរញ្ញវត្ថុកំពុងវាយតម្លៃពីផលប៉ះពាល់លើសេដ្ឋកិច្ចពិភពលោក ដោយសារតែការកើនឡើងនៃភាពតានតឹងចុងក្រោយនេះ។

តម្លៃប្រេងបានហក់ឡើងនៅថ្ងៃចន្ទ (២៣ មិថុនា) នេះដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមករាមក ដោយហ៊ុនប្រេងឆៅរបស់ Brent បានកើនឡើង ១,៩២ដុល្លារ ឬ ២,៤៩% នៅតម្លៃ ៧៨,៩៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល ០១:១៧នាទីយប់ចូលថ្ងៃចន្ទ។ ប្រេងឆៅ WTI របស់អាមេរិក បានឡើងថ្លៃ ១,៨៩ដុល្លារ ឬ ២,៥៦% ទៅតម្លៃ ៧៥,៧៣ដុល្លារ។
ប្រតិកម្មនៅក្នុងទីផ្សារភាគហ៊ុនមជ្ឈិមបូព៌ា ដែលនៅតែជួញដូរកាលពីថ្ងៃអាទិត្យ បាននាំឱ្យវិនិយោគិនសន្មត់ថាជាលទ្ធផលល្អ បើទោះបីជាអ៊ីរ៉ង់ បានបង្កើនការវាយប្រហារដោយមីស៊ីលរបស់ខ្លួនលើអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការចូលរួមយ៉ាងជ្រាលជ្រៅភ្លាមៗរបស់សហរដ្ឋអាមេរិក នៅក្នុងជម្លោះក៏ដោយ។
វិនិយោគិនរំពឹងថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នឹងបណ្តាលឱ្យមានការសម្រុកលក់ចេញក្នុងទីផ្សារភាគហ៊ុន និងជំហរធ្លាក់ចុះសម្រាប់ប្រាក់ដុល្លារ រត់ទៅរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពផ្សេងទៀត នៅពេលទីផ្សារសំខាន់ៗបើកឡើងវិញ ប៉ុន្តែក៏បាននិយាយថា ភាពមិនច្បាស់លាស់ជាច្រើននៅតែមាន។
ក្តីបារម្ភសំខាន់បំផុតសម្រាប់ទីផ្សារកណ្តាល ជុំវិញផលប៉ះពាល់នៃស្ថានការណ៍មជ្ឈិមបូព៌ានេះគឺទៅលើតម្លៃប្រេង និងអតិផរណា។ ការកើនឡើងអតិផរណាអាចបង្អាក់ទំនុកចិត្តអ្នកប្រើប្រាស់ និងកាត់បន្ថយឱកាសនៃការកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗខាងមុខនេះ៕

