នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatr ដែលកំពុងព្យាយាមទប់ទល់យ៉ាងលំបាកនូវសម្ពាធឱ្យលាលែងពីតំណែង បាននិយាយកាលពីថ្ងៃអាទិត្យ (២២ មិថុនា) ថា ដៃគូចម្រុះទាំងអស់បានសន្យាគាំទ្ររដ្ឋាភិបាលរបស់លោកស្រី ហើយនិយាយថា នឹងព្យាយាមរក្សាស្ថិរភាពនយោបាយស្របពេលជម្លោះផ្ទៃក្នុងដ៏បែកបាក់។

ដៃគូចម្រុះដ៏សំខាន់មួយគឺគណបក្ស ភូមចៃថៃ (Bhumjaithai) បានចាកចេញពីក្រុមចម្រុះដែលកំពុងកាន់អំណាច ភ្លាមៗបន្ទាប់ពីភាពចម្រូងចម្រាសនយោបាយផ្ទៃក្នុង ដែលបានគ្របដណ្ដប់លើតំណែងជានាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn និងសំឡេងភាគច្រើនក្នុងសភា ដោយគណបក្សភឿថៃ (Pheu Thai) របស់នាយករដ្ឋមន្ត្រីរូបនេះ។

លោកស្រី Paetongtarn បានបង្ហោះនៅលើបណ្ដាញសង្គម X បន្ទាប់ពីកិច្ចប្រជុំជាមួយដៃគូចម្រុះ រួមទាំងគណបក្ស United Thai Nation (UTN) ថា "ប្រទេសត្រូវតែដើរទៅមុខ ថៃត្រូវតែរួបរួមគ្នា និងជំរុញគោលនយោបាយដើម្បីដោះស្រាយបញ្ហាជូនប្រជាជន"។
នៅមុនការបង្ហោះនោះ បក្ស UTN ចង់ទាមទារឱ្យលោកស្រីចុះពីតំណែង ជាថ្នូរនឹងការគាំទ្រក្រុមចម្រុះកាន់អំណាច។ កាលពីសប្ដាហ៍មុន ថៃបានមើលឃើញការតវ៉ាដ៏តានតឹងរួចទៅហើយ ដោយហ្វូងបាតុករដាក់ថ្ងៃកំណត់ ២៤ មិថុនា ឱ្យលោកស្រីចុះពីតំណែង ហើយព្រមានតវ៉ាបិទវិមានរដ្ឋាភិបាល។
ក្រុមសកម្មជន ដែលក្នុងចំណោមនោះជាអ្នកមានប្រវត្តិប្រមូលផ្ដុំតវ៉ាដ៏ធំសំខាន់ៗ បានកំណត់ពេលធ្វើបាតុកម្មនៅទីក្រុងបាងកក ចាប់ផ្តើមនៅថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ ដើម្បីទាមទារឱ្យលោកស្រី Paetongtarn ចាកចេញពីតំណែងជាបន្ទាន់៕