ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រយុទ្ធទប់ទល់ទៅនឹងចំហេះព្រៃដ៏ធំនៅលើកោះ Chios ភាគខាងកើតប្រទេសក្រិក កាលពីថ្ងៃអាទិត្យ ខណៈខ្យល់បក់ខ្លាំងបានរាលដាលអណ្តាតភ្លើងនិងផ្សែងយ៉ាងក្រាស់ ឆ្លងកាត់ព្រៃនិងដីចំការ ដែលបំផ្លាញឃ្លាំង គំរាមកំហែងដល់លំនៅឋាន និងបង្ខំឱ្យជម្លៀសប្រជាជននៅក្នុងទីតាំងលំនៅចំនួន១៦កន្លែង ជាការប្រុងប្រយ័ត្នជាមុន។

ចំហេះព្រៃបានឆាបឆេះ នៅពេលកណ្តាលថ្ងៃត្រង់នៅកោះ Chios ហើយបានរាលដាលយ៉ាងឆាប់រហ័ស។ អភិបាលតំបន់ បាននិយាយនៅលើទូរទស្សន៍រដ្ឋ ERT ថា គ្រោះថ្នាក់បំផុតកំពុងឆ្ពោះទៅកាន់ទីក្រុងឆ្នេរ Vrontados ។
យោងតាមទូរទស្សន៍រដ្ឋ ERT បានឱ្យដឹងថា ក្រុមអ្នកពន្លត់អគ្គិភ័យប្រហែល១៤០នាក់ ជាមួយនឹងរថយន្តពន្លត់អគ្គិភ័យ១៥គ្រឿង រួមជាមួយនឹងកងកុម្ម៉ង់ដូព្រៃឈើ៧០នាក់ ត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់ការឆាបឆេះរាលដាល។ ការដាច់ចរន្តអគ្គិសនី ត្រូវបានរាយការណ៍នៅក្នុងផ្នែកជាច្រើននៃកោះនេះ។

កងកម្លាំងបន្ថែមទៀតត្រូវបានគេរំពឹងថានឹងទៅដល់ ដែលមកពីផ្នែកផ្សេងៗរបស់ប្រទេសនៅព្រឹកថ្ងៃច័ន្ទ នេះ នៅពេលដែលការពន្លត់អគ្គិភ័យតាមអកាស ត្រូវបានគេរំពឹងថានឹងបន្តឡើងវិញ។