រដ្ឋាភិបាលសហភាពអឺរ៉ុបជាច្រើនកាលពីថ្ងៃអាទិត្យ បានសម្តែងការព្រួយបារម្ភជុំវិញការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយជំរុញឱ្យភាគីទាំងអស់ផ្តល់អាទិភាពដល់ផ្នែកការទូត និងបញ្ចៀសការធ្វើឲ្យរីកធំជម្លោះបន្ថែមទៀត។ មន្ត្រីមួយចំនួន បានរិះគន់ចំណាត់ការរបស់សហរដ្ឋអាមេរិកថាជាការវាយប្រហារដោយខុសច្បាប់។

ការវាយប្រហាររបស់សហរដ្ឋអាមេរិកដាក់គោលដៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់សំខាន់ៗកាលពីថ្ងៃសៅរ៍បានធ្វើឱ្យមានអស្ថិរភាពបន្ថែមទៀតនូវទិដ្ឋភាពដែលប្រែប្រួលរួចទៅហើយ។
នៅប្រទេសស៊ុយអែត នាយករដ្ឋមន្ត្រី លោក Ulf Kristersson បានជំរុញឱ្យមានការបន្ធូរបន្ថយជម្លោះ។ នៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ឈប់ការរីករាលដាលនៃអំពើហិង្សានៅតំបន់មជ្ឈិមបូព៌ា។ លោកបានសរសេរថា «ការបន្ធូរបន្ថយ ការអត់ធ្មត់ និងការវិលត្រឡប់ទៅរកការចរចា និងផ្នែកការទូត មានសារៈសំខាន់បំផុត»។

នៅប្រទេសហ្វាំងឡង់ ប្រធានាធិបតី លោក Alexander Stubb បានពណ៌នាការវាយប្រហាររបស់សហរដ្ឋអាមេរិកថាជា «ទំហំខុសប្លែកពីធម្មតា» ហើយបានព្រមានថា វដ្តនៃការសងសឹកនៅក្នុងតំបន់ត្រូវតែឈានដល់ទីបញ្ចប់។ នាយករដ្ឋមន្ត្រីស្លូវេនី លោក Robert Golob ក៏បានអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកការចរចាផ្នែកការទូតវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍ លោកបានសង្កត់ធ្ងន់ថា ការបន្តអំពើហិង្សា និងជម្លោះយោធាគ្រាន់តែនាំមកនូវទុក្ខវេទនាបន្ថែមទៀតដល់ជនស៊ីវិលស្លូតត្រង់ប៉ុណ្ណោះ។
ប្រធានាធិបតីប្រទេសឡាតវី លោក Edgars Rinkevics បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាគីទាំងអស់ដើម្បីត្រលប់ទៅរកការចរចា ដើម្បីឈានដល់ដំណោះស្រាយផ្នែកការទូត ខណៈរដ្ឋមន្ត្រីការបរទេសស្លូវ៉ាគី លោក Juraj Blanar បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក។