គេហទំព័រតាមដានជើងហោះហើរ FlightRadar24 បានបង្ហាញលំហរអកាសនៅលើប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី និងប្រទេសអ៊ីស្រាអែល គ្មានជើងហោះហើរ នៅថ្ងៃចន្ទ ទី២៣ មិថុនានេះ ខណៈក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មនៅជុំវិញពិភពលោកផ្អាកជើងហោះហើរនៅមជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិកវាយប្រហារប្រទេសអ៊ីរ៉ង់។

ផ្លូវហោះហើរនៅមជ្ឈិមបូព៌ាកាន់តែមានសារៈសំខាន់សម្រាប់ជើងហោះហើររវាងអឺរ៉ុប និងអាស៊ី ចាប់តាំងពីដែនអាកាសរុស្ស៊ី និងអ៊ុយក្រែន បានបិទដោយសារតែសង្គ្រាម ប៉ុន្តែយោងតាមទិន្នន័យតាមដានជើងហោះហើរ វាទំនងជាផ្លូវជាច្រើនត្រូវបានផ្អាកបណ្តោះអាសន្ននៅថ្ងៃចន្ទនេះ។
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ជាក្រុមហ៊ុនដែលមានឈ្មោះល្បីបំផុតនៅក្នុងទ្វីបអាស៊ី បានចាត់ទុកស្ថានភាពនេះថា «ប្រែប្រួល» កាលពីថ្ងៃអាទិត្យ ខណៈក្រុមហ៊ុនបានលុបចោលជើងហោះហើរពីសិង្ហបុរីទៅកាន់ទីក្រុងឌូបៃប្រទេសអារ៉ាប់រួម បន្ទាប់ពីការវាយតម្លៃសុវត្ថិភាព។ ក្រុមហ៊ុន Air France KLM បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនបានលុបចោលជើងហោះហើរទៅនិងមកពីទីក្រុងឌូបៃ និងទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ។ ក្រុមហ៊ុនអាកាសចរណ៍ British Airways ក៏បានលុបចោលជើងហោះហើរទៅនិងមកពីទីក្រុងឌូបៃនិងទីក្រុងដូហា កាលពីថ្ងៃអាទិត្យផងដែរ។
ការបាញ់ស្រោចមីស៊ីលនិងយានដ្រូននៅក្នុងតំបន់ជម្លោះដែលកើនឡើង បង្ហាញពីហានិភ័យខ្ពស់ចំពោះចរាចរណ៍អាកាសចរណ៍ ហើយអង្គការដែលឃ្លាំមើលហានិភ័យជើងហោះហើរ Safe Airspace ជាគេហទំព័រដំណើរការដោយ អេសអូភីគ្រុប(OPSGROUP) បានព្រមានកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ អាចបង្កើនការគំរាមកំហែងដល់ប្រតិបត្តិករអាមេរិកនៅក្នុងតំបន់។
