ម៉ារ៉ាតុង៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៦ នៅអង្គរវត្ត ខេត្តសៀមរាប នឹងមកដល់នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ចុងសប្ដាហ៍នេះហើយ ខណៈអ្នកមានបំណងចង់ចូលរួមអាចចុះឈ្មោះបាន ដ្បិតគណៈកម្មការរៀបចំនៅបន្ដទទួលការចុះឈ្មនៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិ។

លោក សែម ផល្លា បានឲ្យដឹងថា មកទល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមរត់ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះជិត ២ពាន់នាក់ហើយ។ តែគណៈកម្មការមិនទាន់បិទការចុះឈ្មោះនោះទេ ពោលគឺអ្នកមានបំណងចូលរួមអាចទាក់ទងទៅការិល័យគណៈកម្មការរៀបចំដើម្បីចុះឈ្មោះបាន តែត្រូវចុះឈ្មោះឲ្យបានរួសរាន់ដើម្បីងាយស្រួលគណៈកម្មការរៀបចំសម្ភារៈជូន។ ទន្ទឹមជាមួយគ្នា លោកក៏បានអំពាវនាវដល់កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិដែលបានចុះឈ្មោះរួចរាល់ ត្រៀមទៅទទួលសម្ភារៈរត់នៅសណ្ឋាគារ អង្គរមិរ៉ាខល ខេត្តសៀមរាប ដោយត្រូវភ្ជាប់ជាមួយក្រដាស់បញ្ជាក់ពីការចុះឈ្មោះ ឬអត្តសញ្ញាណបណ្ណនៅថ្ងៃទី៣១ ខែធ្នូ និងថ្ងៃទី០១ ខែមករាខាងមុខ។ ប៉ុន្ដែទាំងការទៅទទួលសម្ភារៈ ក៏ដូចជាមុនចូលទីលានប្រកួតគឺត្រូវបង្ហាញកាត ឬលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងផងដែរ។ សូមបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរឆ្នាំនេះ នឹងរៀបចំតាមរបតថ្មីដោយនឹងផ្ដោតសំខាន់លើសុវត្ថិភាពអ្នកចូលរួម ទាំងមុនពេលចេញរហូតដល់ចប់ការប្រកួត ពិសេសការអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ ដូចជាការវ៉ាស់កម្ដៅ បាញ់អាកុល និងពាក់ម៉ាស់ជាដើម តែបើសិនរកឃើញកម្ដៅអ្នកចូលរួមមិនប្រក្រតីនឹងត្រូវធ្វើតេស្ដរហ័សភ្លាមៗ។
គួរដឹងថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំដ៏ធំដែលរៀបចំដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយអាជ្ញាធរខេត្តសៀមរាប ដោយមានអ្នកចូលរួមជាង ១ម៉ឺននាក់កាលពីឆ្នាំ២០១៩។ ប៉ុន្ដែក្រោយផ្ទុះជំងឺកូវីដ-១៩ ព្រឹត្តិការណ៍នេះក៏សម្រេចលុបចោលការរៀបចំផ្ទាល់កាលពីឆ្នាំ២០២០ ដោយប្ដូរមកជាការរត់ស្ម័គ្រចិត្ត ឬ Virtual Run វិញ។ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការរៀបចំឡើងវិញនេះគឺជាសញ្ញាណវិជ្ជមានដ៏ល្អ ដើម្បីរួមចំណែកទាក់ទាញទេសចរណ៍មកកាន់ខេត្តសៀមរាបឡើងវិញ ពិសេសដើម្បីរួមចំណែកស្ដារសេដ្ឋកិច្ច និងចាកចេញពីវិបត្តិកូវីដ ដោយឯកឧត្តមមានសុទិដ្ឋិយមថា បន្ទាប់ពីព្រឹត្តិការណ៍អន្ដរជាតិនេះ នឹងទាក់ទាញភ្ញៀវទេសចរណ៍អន្ដរជាតិមកលេងកម្ពុជាកាន់តែច្រើន ពិសេសខេត្តសៀមរាបដែលជាខេត្តគោលដៅទេសចរណ៍ពិភពលោកតែម្ដង៕
អត្ថបទ៖ លី ឈុនឡា