មន្ត្រីអ៊ុយក្រែន បាននិយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហារដោយយានដ្រូននិងមីស៊ីលរបស់រុស្ស៊ីនៅក្នុង និងជុំវិញទីក្រុងគីវកាលពីពេលយប់បានសម្លាប់មនុស្ស៥នាក់ រងរបួសជាច្រើននាក់ បង្កឲ្យមានអគ្គិភ័យឆាបឆេះនៅក្នុងតំបន់លំនៅឋាន និងបានបំផ្លាញច្រកចូលទៅកាន់ស្ថានីយ៍រថភ្លើងក្រោមដីដែលបម្រើជាទីជម្រកគេចពីគ្រាប់បែក។

លោក Timur Tkachenko ប្រធានរដ្ឋបាលយោធាទីក្រុងគីវ បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា «បែបផែនរបស់រុស្ស៊ី មិនផ្លាស់ប្តូរទេក្នុងការវាយលុកនៅកន្លែងដែលមានមនុស្សច្រើន»។ «អគារលំនៅឋាន និងច្រកចេញពីទីជម្រក នេះជាបែបផែនរបស់រុស្ស៊ី»។ រុស្ស៊ី ពុំបានអត្ថាធិប្បាយលើការវាយប្រហារនេះទេ។

ភាគីទាំងពីរ បានបដិសេធមិនដាក់គោលដៅលើជនស៊ីវិលនៅក្នុងសង្គ្រាមដែលរុស្ស៊ីបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែជនស៊ីវិលរាប់ពាន់នាក់បានស្លាប់នៅក្នុងជម្លោះនេះ ដែលភាគច្រើនជាប្រជាជនអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Ihor Klymenko បាននិយាយនៅលើ បណ្តាញTelegram ថា មនុស្សយ៉ាងហោចណាស់៥នាក់ត្រូវបានសម្លាប់នៅក្នុងសង្កាត់ដ៏មមាញឹកមួយនៅទីក្រុងគីវ នៅកន្លែងដែលច្រកចូលនៃអគារលំនៅឋានខ្ពស់មួយកន្លែងត្រូវបានបំផ្លាញ។
លោក Klymenko និយាយថា «នៅតែមានមនុស្សស្ថិតនៅក្រោមគំនរបាក់បែក»។ ការវាយប្រហារនេះបានបណ្តាលឱ្យមានការបំផ្លាញនៅក្នុងសង្កាត់ចំនួន៦ក្នុងចំណោមសង្កាត់ចំនួន១០របស់ទីក្រុង រួមទាំង បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់១០នាក់រងរបួស។
ការវាយប្រហារដ៏បង្ហូរឈាមបំផុតរបស់រុស្ស៊ីលើទីក្រុងគីវ កាលពីសប្តាហ៍មុនដោយយានដ្រូនរាប់រយគ្រឿងបានសម្លាប់មនុស្ស២៨នាក់ និងជាង១៥០នាក់បានរងរបួស ដោយក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ទីតាំងជិត៣០កន្លែងត្រូវបានវាយប្រហារ។