សេចក្ដីណែនាំរបស់ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក ហៅកាត់ថា DHS បានព្រមានកាលពីថ្ងៃអាទិត្យ (២២ មិថុនា) អំពី "បរិយាកាសគំរាមកំហែងកាន់តែខ្លាំងឡើងនៅក្នុងទឹកដីសហរដ្ឋអាមេរិក" បន្ទាប់ពីការវាយប្រហារចុងសប្ដាហ៍របស់យោធាវ៉ាស៊ីនតោន ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ក្រុមតស៊ូមតិសិទ្ធិមនុស្ស បានលើកឡើងរួចមកហើយពីកំណើនភាពភ័យខ្លាចប្រឆាំងអ្នកកាន់សាសនាអ៊ិស្លាម និងការប្រឆាំងជនជាតិជ្វីហ្វក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តដែកថែបរបស់អាមេរិក នៅតំបន់ហ្កាហ្សា សងសឹកចំពោះការវាយប្រហារកាលពីខែតុលា ឆ្នាំ២០២៣ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។
ក្រសួង DHS បានចេញព្រឹត្តិបត្រណែនាំនោះកាលពីថ្ងៃអាទិត្យ តាមរយៈប្រព័ន្ធប្រឹក្សាភេរវកម្មជាតិរបស់ខ្លួន ហើយនិយាយថា ជម្លោះអ៊ីរ៉ង់ដែលកំពុងបន្ត បានបង្កឱ្យមានបរិយាកាសគំរាមកំហែងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសនេះ។
ព្រឹត្តិបត្រនេះណែនាំថា៖ លទ្ធភាពនៃហិង្សាពីក្រុមជ្រុលនិយមនៅក្នុងទឹកដីសហរដ្ឋអាមេរិកទំនងជាកើនឡើងខ្លាំង ប្រសិនបើថ្នាក់ដឹកនាំអ៊ីរ៉ង់ ចេញសេចក្តីសម្រេចខាងសាសនា អំពាវនាវឱ្យមានហិង្សាសងសឹកប្រឆាំងនឹងគោលដៅនៅក្នុងទឹកដីអាមេរិក។
អាជ្ញាធរមូលដ្ឋានរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា ពួកគេនៅតែមានការប្រុងប្រយ័ត្នជានិច្ច ដោយបន្ថែមថា ពុំមានការគំរាមកំហែងដែលអាចជឿទុកចិត្តបាន កើតឡើងនៅឡើយទេរហូតមកទល់ពេលនេះ៕

