អ៊ីស្រាអែល បានបើកដែនអាកាសឡើងវិញក្នុងរយៈពេលខ្លីកាលពីថ្ងៃអាទិត្យ ហើយកំពុងពង្រីកប្រតិបត្តិការហោះហើរនៅថ្ងៃចន្ទ (២៣ មិថុនា) នេះក្នុងបំណងជួយសង្រ្គោះអ្នកដំណើររាប់ម៉ឺននាក់ ដែលជាប់គាំងដោយសារការលុបចោលជើងហោះហើរដ៏រីករាលដាលទូទាំងមជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិក បានវាយប្រហារអ៊ីរ៉ង់។
អង្គការឃ្លាំមើលហានិភ័យនៃការហោះហើរ បានព្រមានកាលថ្ងៃអាទិត្យថា ការវាយប្រហារអាមេរិក លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាចបង្កើនការគំរាមកំហែងកាន់តែខ្លាំងដល់ប្រតិបត្តិករអាមេរិក ក្នុងតំបន់។
ជាមួយនឹងដែនអាកាសរុស្ស៊ី និងអ៊ុយក្រែន ក៏បានបិទដោយសារតែសង្គ្រាម បច្ចុប្បន្ននេះ មជ្ឈិមបូព៌ាបានក្លាយជាផ្លូវដ៏សំខាន់សម្រាប់ការហោះហើររវាងអឺរ៉ុប និងអាស៊ី ប៉ុន្តែគេហទំព័រតាមដានការហោះហើរ FlightRadar24 បានបង្ហាញចន្លោះទទេស្អាតនៅលើអ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី និងអ៊ីស្រាអែល។

ដោយស្ថាប័ននានាសុទ្ធតែលុបចោលជើងហោះហើរនៅមជ្ឈិមបូព៌ា អ៊ីស្រាអែលចាប់ផ្តើមស្វែងរកមធ្យោបាយសម្រាប់ពលរដ្ឋដែលជាប់គាំងនៅបរទេសដើម្បីត្រឡប់ទៅប្រទេសកំណើត និងសម្រាប់ភ្ញៀវទេសចរបរទេសចាកចេញ។ អាជ្ញាធរអាកាសយានដ្ឋានរបស់អ៊ីស្រាអែលនិយាយថា ជើងហោះហើរជួយសង្គ្រោះរបស់ខ្លួននឹងពង្រីកចាប់ពីថ្ងៃចន្ទ ជាមួយនឹង ២៤ជើងក្នុងមួយថ្ងៃ ពីទិសដៅផ្សេងៗគ្នា ហើយជើងហោះហើរនីមួយៗត្រូវបានកំណត់ត្រឹម ៥០អ្នកដំណើរប៉ុណ្ណោះ។
អ៊ីស្រាអែលក៏បើកដែនអាកាសរបស់ខ្លួនឡើងវិញសម្រាប់ពេល ៦ម៉ោង ចាប់ពីម៉ោងសកល ១១:០០ ទៅ ១៧:០០ កាលពីថ្ងៃអាទិត្យ ដើម្បីនាំយកមកវិញនូវអ្នកដែលជាប់គាំងនៅបរទេស ចាប់តាំងពីជម្លោះជាមួយអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី១៣ ខែមិថុនា មក៕

