បន្ទាប់ពីទទួលបានរបាយការណ៍ពីប្រមុខផ្នែកចារកម្មយោធា (HUR) លោក Kyrylo Budanov ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអាទិត្យ (ទី២២ ខែមិថុនា) បានលើកឡើងថា ចារកម្មអ៊ុយក្រែនមានភស្តុតាង ដែលបង្ហាញថា រុស្ស៊ីកំពុងរៀបចំប្រតិបត្តិការយោធាថ្មី នៅក្នុងទ្វីបអឺរ៉ុប។
លោក Zelensky បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «យើងកំពុងសង្កេតមើលឃើញនូវការធ្លាក់ចុះសតិបញ្ញាជាបន្តបន្ទាប់ នៅក្នុងរង្វង់ថ្នាក់ដឹកនាំរុស្ស៊ី និងមានភស្តុតាង ដែលបង្ហាញថា ពួកគេកំពុងរៀបចំប្រតិបត្តិការយោធាថ្មី នៅដែនទឹកដីអឺរ៉ុប»។

លោក Zelensky បានបន្ថែមថា អ៊ុយក្រែននឹងជូនដំណឹងដល់ដៃគូបរទេស ទាក់ទងនឹងព័ត៌មានដែលទទួលបានដោយការស៊ើបការណ៍សម្ងាត់។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីការព្រមានរបស់ទីក្រុងគីវនៅមុនេះ ដែលថា រុស្ស៊ីអាចនឹងកំពុងរៀបចំការរុករានហួសព្រំដែននៃប្រទេសអ៊ុយក្រែន។
តែយ៉ាងណាក្ដី លោកប្រធានាធិបតីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីប្រតិបត្តិការរុស្ស៊ីដែលបានគ្រោងទុក កាលបរិច្ឆេទ ឬប្រទេសណាដែលអាចត្រូវបានកំណត់គោលដៅនោះឡើយ។
លោក Zelensky បានសរសេរថា៖ «យើងកំពុងរៀបចំការសម្រេចរួមគ្នា សម្រាប់វិស័យការពារជាតិ ជាពិសេសជាមួយចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប»។ លោកបានបញ្ជាក់ថា អ៊ុយក្រែននឹងបន្តកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីធ្វើឲ្យកងទ័ពរុស្ស៊ីចុះខ្សោយ៕

