រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ (ទី២២ ខែមិថុនា) បាននិយាយថា លោកកំពុងធ្វើដំណើរទៅប្រទេសរុស្ស៊ី ដើម្បីជួបលោកប្រធានាធិបតី Vladimir Putin នៅថ្ងៃទី២៣ ខែមិថុនា ខណៈដែលប្រទេសអ៊ីរ៉ង់ កំពុងថ្លឹងថ្លែងនូវការឆ្លើយតប ចំពោះរលកនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន។
មានសញ្ញាតិចតួចណាស់ ដែលបង្ហាញថា រុស្ស៊ីបានត្រៀមផ្តល់ជំនួយយោធាដល់អ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តនៅសេសសល់ជិតស្និទ្ធបំផុត នៅតំបន់មជ្ឈិមបូព៌ា ខណៈដែលទីក្រុងមូស្គូបានផ្តល់អាទិភាពដល់សង្រ្គាមផ្ទាល់ខ្លួន នៅអ៊ុយក្រែន។ អ៊ីរ៉ង់មិនបានទទួលការគាំទ្រជាក់ស្តែងពីសម្ព័ន្ធមិត្តណាមួយឡើយ ក្នុងរយៈពេល១០ថ្ងៃនៃសង្រ្គាមជាមួយអ៊ីស្រាអែល។

នៅក្នុងការប្រកាសពីដំណើរទៅកាន់ទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានហៅរុស្ស៊ីថា «មិត្តរបស់អ៊ីរ៉ង់» ហើយបានប្រាប់ថា ប្រទេសទាំង២ «រីករាយនឹងភាពជាដៃគូយុទ្ធសាស្ត្រ ហើយយើងតែងតែពិគ្រោះគ្នាទៅវិញទៅមក និងសម្របសម្រួលតួនាទីរបស់យើង»។
ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសការធ្វើអន្តរាគមន៍យោធារបស់អាមេរិក ក្នុងប្រទេសអ៊ីរ៉ង់ ដោយលើកឡើងថា វាបានធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងជាសកល ដើម្បីទប់ស្កាត់ការរីកសាយនៃអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែវិមានក្រឹមឡាំងមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើការវាយប្រហារនោះទេ ហើយខ្លួនក៏មិនបានប្រកាសពីវិធានការជាក់ស្តែងណាមួយ ដើម្បីជួយអ៊ីរ៉ង់ដែរ៕
