ស៊ីរ៉ែនបន្លឺឡើងនៅទីក្រុង Haifa និងទីក្រុងហ្សេរុយសាឡឹមនាថ្ងៃចន្ទនេះ ស្របពេលសារព័ត៌មានរាយការណ៍ពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីរ៉ង់លើអ៊ីស្រាអែល ជាទីដែលប្រទេសទាំង ២ ឈានចូលដល់ថ្ងៃទី ១១នៃសង្រ្គាមតាមច្រកអាកាស ចាប់តាំងពីថ្ងៃទី ១៣ ខែមិថុនា រហូតមក ។

អ៊ីរ៉ង់ និងអ៊ីស្រាអែល បានបើកការវាយប្រហារមីស៊ីល និងច្រកអាកាសគ្នាទៅវិញទៅមក ស្របពេលដែលពិភពលោកត្រៀមខ្លួនសម្រាប់ការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ពួកគេកាលពីចុងសប្តាហ៍កន្លងទៅ ដែលលោក Trumpលើកឡើងថា វាអាចនាំឲ្យមានការផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ ។
នៅទីក្រុង Haifa អ្នកស្រុកនាំគ្នារត់រកទីជម្រក អំឡុងពេលប្រកាសអាសន្នសន្តិសុខ ។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន MEHR បានឲ្យដឹងថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និយាយថា ពួកគេបានផ្លាស់ប្តូរតាក់ទិកនៅក្នុងការវាយប្រហារនាថ្ងៃចន្ទនេះលើអ៊ីស្រាអែល ដោយមានគោលដៅចាប់ពីចំណុចភាគខាងជើងរហូតដល់ចំណុចភាគខាងត្បូង រួមទាំងនៅទីក្រុងតែល អាវីវ និងទីក្រុង Haifaផងដែរ ដោយប្រើប្រាស់យានដ្រូន និងមីស៊ីល ៕
