សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី២៣ ខែមិថុនា) បានថ្កោលទោសការវាយប្រហារអត្តឃាត «ដ៏សាហាវយង់ខ្នង» កាលពីចុងសប្តាហ៍ លើព្រះវិហារមួយ នៅទីក្រុងដាម៉ាស ដែលបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងច្រើន ដោយបាននិយាយថា ប្លុក «គាំទ្រយ៉ាងពេញទំហឹង» ដល់ប្រទេសស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាជនជាតិភាគតិច និងខាងសាសនា។
ពាក់ព័ន្ធនឹងការវិញការវាយប្រហារ ដែលអាជ្ញាធរស៊ីរីដាក់ការទទួលខុសត្រូវទៅលើក្រុមរដ្ឋឥស្លាម (IS) សេចក្តីថ្លែងការណ៍ពីលោក Anouar El Anouni ដែលជាអ្នកនាំពាក្យគោលនយោបាយការបរទេសរបស់ EU បានរៀបរាប់ថា៖ «អំពើហិង្សាដ៏សាហាវយង់ឃ្នង និងកំសាកលើគ្រិស្តបរិស័ទនេះ គឺជាការវាយប្រហារប្រឆាំងនឹងជនជាតិស៊ីរីទាំងអស់តែម្ដង»។

ដោយប្រើប្រាស់ឈ្មោះផ្សេង សម្រាប់ក្រុម IS តាមរយៈសេចក្ដីថ្លែងការណ៍នោះ លោក El Anouni បានបន្ថែមថា៖ «វាគឺជាការរម្លឹកយ៉ាងច្បាស់ៗ អំពីតម្រូវការក្នុងការបង្កើនកិច្ចប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងភេរវករ និងដើម្បីធានាឲ្យបាន ក្នុងការផ្ដល់ការបរាជ័យជារៀងរហូតដល់ក្រុម Daesh និងអង្គការភេរវករផ្សេងទៀត»។
គួរបញ្ជាក់ថា អាជ្ញាធរបានឲ្យដឹងថា ការបាញ់ប្រហារ និងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅវិហារមួយ ក្នុងទីក្រុងដាម៉ាស ក្នុងអំឡុងពេលនៃការមានពិធីបុណ្យដ៏ធំមួយ កាលពីថ្ងៃអាទិត្យ (ទី២២ ខែមិថុនា) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២នាក់ ដោយបានដាក់ការទទួលខុសត្រូវទៅសមាជិកម្នាក់នៃក្រុមរដ្ឋឥស្លាម ចំពោះការវាយប្រហារដែលមិនធ្លាប់មានពីមុនមកនេះ៕
