យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋឥស្លាម IRNA បានឲ្យដឹងថា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភា លោក Ruhollah Motefakerzadeh នៅថ្ងៃចន្ទ (ទី២៣ ខែមិថុនា) នេះ បាននិយាយថា សេចក្ដីស្នើច្បាប់សភា ដើម្បីផ្អាកកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) កំពុងស្ថិតក្រោមការពិចារណា។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ក៏បានរាយការណ៍ផងដែរនូវសម្ដីរបស់ប្រធានសភា លោក Mohammad Baqer Qalibaf ដែលបាននិយាយថា៖ «យើងនៅក្នុងសភា កំពុងស្វែងរកការអនុម័តសេចក្ដីស្នើច្បាប់ ដែលនឹងផ្អាកកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយ IAEA (ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ) រហូតដល់យើងមាននូវការធានាដ៏គួរឲ្យទុកចិត្តបាននូវអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈរបស់អង្គការអន្តរជាតិមួយនេះ»។
IAEA គឺជាស្ថាប័នឃ្លាំមើលនុយក្លេអ៊ែររបស់ UN ដែលមានភារកិច្ចលើកកម្ពស់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី និងទប់ស្កាត់កុំឲ្យមានការប្រើប្រាស់ ក្នុងគោលបំណងយោធា។ ស្ថាប័ននោះរាយការណ៍ទៅទាំងមហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខ UN ហើយមានទីស្នាក់ការនៅការិយាល័យ UN ក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។
លោក Qalibaf បានទទូចថា ទីក្រុងតេអេរ៉ង់មិនប្រឹងប្រែងផលិតអាវុធនុយក្លេអ៊ែរនោះទេ។ លោកបាននិយាយថា៖ «ពិភពលោកបានឃើញយ៉ាងច្បាស់ថា ទីភ្នាក់ងារថាមពលអាតូមិកមួយនេះមិនបានបំពេញកាតព្វកិច្ចណាមួយរបស់ខ្លួនឡើយ ហើយបានក្លាយជាឧបករណ៍នយោបាយ»៕