នៅថ្ងៃចន្ទ (ទី២៣ ខែមិថុនា) អំឡុងសន្និសីទសារព័ត៌មានមួយដែលផ្សាយនៅលើបណ្ដាញសង្គម Facebook របស់ខ្លួន រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ប្រទេសហុងគ្រី និងស្លូវ៉ាគី បានសម្រេចមិនគាំទ្រផែនការរបស់សហភាពអឺរ៉ុប (EU) ចំពោះកញ្ចប់ទណ្ឌកម្មលើកទី១៨ប្រឆាំងនឹងប្រទេសរុស្ស៊ី។
លោករដ្ឋមន្ត្រីបាននិយាយថា ប្រទេសហុងគ្រី និងស្លូវ៉ាគី បានសម្រេចរារាំងកញ្ចប់ទណ្ឌកម្មនេះ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់ EU ក្នុងការបញ្ឈប់ការនាំចូលថាមពលពីរុស្ស៊ី។
លោក Szijjarto បានបញ្ជាក់ថា៖ «យើងធ្វើបែបនេះ ដោយសារតែសហភាពអឺរ៉ុបចង់ហាមឃាត់ប្រទេសសមាជិក ក្នុងនោះរួមមានទាំងប្រទេសហុងគ្រី និងស្លូវ៉ាគីផងដែរ កុំឲ្យទិញឧស្ម័នធម្មជាតិ និងប្រេងរបស់រុស្ស៊ីដែលមានតំលៃថោក ដូចដែលពួកគេបានធ្វើពីមុនមក»។
គួរបញ្ជាក់ថា ហុងគ្រី និងស្លូវ៉ាគី បន្តពឹងផ្អែកលើការផ្គត់ផ្គង់ឧស្ម័ន និងប្រេងរបស់រុស្ស៊ី ហើយបានរក្សាទំនាក់ទំនងយ៉ាងល្អជាមួយទីក្រុងមូស្គូ៕