សារព័ត៌មានរដ្ឋ រាយការណ៍នៅថ្ងៃចន្ទនេះថា ចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតលើព្រះវិហារក្នុងប្រទេសស៊ីរី បានកើនឡើងដល់ ២៥នាក់ ខណៈរដ្ឋាភិបាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា ថ្កោលទោសការបំផ្ទុះគ្រាប់បែកនេះ ។
ការវាយប្រហារលើព្រះវិហារអថូដុក Mar Elias Greek អំឡុងពិធីបួងសួង Divine Liturgy ស្ថិតក្នុងសង្កាត់ Dweil’a ជិតទីក្រុងដាម៉ាស គឺជាការវាយប្រហារអត្តឃាតលើកដំបូងគេនៅស៊ីរី ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយវាបានកើតមានឡើង ខណៈទីក្រុងដាម៉ាសដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ិស្លាម ព្យាយាមឈ្នះការគាំទ្រពីជនជាតិភាគតិច ។
ស្របពេលដែលលោកប្រធានាធិបតី Ahmad al-Sharaa ពិបាកអនុវត្តសិទ្ធិអំណាចនៅទូទាំងប្រទេសនោះ មាននូវក្តីកង្វល់ពីវត្តមានរបស់ក្រុមភេរវករនៅក្នុងប្រទេសដែលហែកហួរដោយសារភ្លើងសង្រ្គាមមួយនេះ ។
លោកឪ Fadi Ghattas ដែលជាគ្រូគង្វាលនោះ និយាយថា ការវាយប្រហារនេះ បានកើតឡើង ពេលមនុស្ស ៣៥០នាក់ កំពុងធ្វើពិធីបួងសួងនៅក្នុងព្រះវិហារ ។ មនុស្ស ៦៣នាក់ ផ្សេងទៀត បានរងរបួស ។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងរដ្ឋាភិបាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា បានថ្កោលទោសការវាយប្រហារមួយនេះ ដោយចាត់ទុកវាថាជាការវាយប្រហារភេរវកម្ម ។
នៅមិនទាន់មានភាគីណាមួយប្រកាសទទួលស្គាល់ភ្លាមៗនោះទេ ប៉ុន្តែរដ្ឋមន្រ្តីក្រសួងមហាផ្ទៃស៊ីរី បានដាក់ការស្តីបន្ទោសលើក្រុមរដ្ឋអ៊ិស្លាម ៕