អ្នកនាំពាក្យមេដឹកនាំអ៊ុយក្រែន បានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតី Volodymyr Zelenskyy បានធ្វើដំណើរទៅដល់ប្រទេសអង់គ្លេសហើយ នៅថ្ងៃចន្ទ (ទី២៣ ខែមិថុនា) នេះ ដើម្បីពិភាក្សាអំពីវិស័យការពារជាតិរបស់អ៊ុយក្រែន និងវិធីដាក់សម្ពាធបន្ថែមលើរុស្ស៊ី។
បន្ទាប់ពីមានការវាយប្រហារដ៏ឥតមេត្តារបស់រុស្ស៊ីលើរដ្ឋធានីអ៊ុយក្រែន លោក Zelenskyy បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «យើងក៏នឹងកំពុងចរចាផងដែរនូវវិធានការថ្មី និងដ៏មានឥទ្ធិពល ដើម្បីបង្កើនសម្ពាធលើរុស្ស៊ី សម្រាប់សង្រ្គាមនេះ និងដើម្បីបញ្ចប់ការវាយប្រហារ»។
អំឡុងទស្សនកិច្ច នៅអង់គ្លេសនេះ អ្នកនាំពាក្យបានប្រាប់ថា លោក Zelenskyy នឹងចូលគាល់ព្រះមហាក្សត្រ Charles ហើយជួយជាមួយនាយករដ្ឋមន្ត្រី លោក Keir Starmer និងប្រធានសភាទាំង២។
លោកបានបន្ថែមថា លោកប្រធានាធិបតីនឹងទៅសួរសុខទុក្ខបុគ្គលិកយោធាអ៊ុយក្រែនដែលកំពុងទទួលបានការហ្វឹកហ្វឺន នៅក្នុងប្រទេសអង់គ្លេស និងជួបតំណាងរបស់វិទ្យាស្ថានស្រាវជ្រាវ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា៖ «គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ»៕