រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទ (ទី២៣ ខែមិថុនា) នេះ បានលើកឡើងថា អ៊ីរ៉ង់ចាំបាច់ត្រូវចូលរួមកិច្ចចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ទោះបីជាសហភាពអឺរ៉ុប (EU) នៅតែត្រៀមខ្លួន ដើម្បីដើរតួនាទីក្នុងការពិភាក្សានានាក៏ដោយ។
ដោយបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស EU រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានប្រាប់ថា៖ «អ៊ីរ៉ង់គ្រាន់តែចង់មានការចរចាជាមួយអឺរ៉ុបប៉ុណ្ណោះ ហើយយើងមើលឃើញថា នោះជាសញ្ញាល្អ ប៉ុន្តែយើងក៏និយាយដែរថា វាមិនគ្រប់គ្រាន់ឡើយ។ យើងចង់ឃើញសហរដ្ឋអាមេរិកចូលរួម»។
លោក Wadephul បានបន្ថែមថា៖ «ខ្ញុំបានអំពាវនាវជាថ្មីទៅកាន់អ៊ីរ៉ង់ ដើម្បីឲ្យត្រៀមខ្លួន ឥឡូវនេះ សម្រាប់កិច្ចពិភាក្សានានា។ យើងត្រូវបានស្នើសុំដោយសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយទើបតែពេលនេះផងដែរ ដើម្បីឲ្យបន្តការទាក់ទងជាមួយអ៊ីរ៉ង់ជាប់ជានិច្ច ហើយអឺរ៉ុបត្រូវមានតួនាទីនេះ»។
ទន្ទឹមនឹងនេះដែរ នៅទីក្រុងប៊ែរឡាំង នាថ្ងៃចន្ទនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងថា ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ មិនទាន់មានផលប៉ះពាល់ដោយផ្ទាល់ណាមួយដល់ស្ថានភាពសន្តិសុខនៅឡើយទេ ក្នុងប្រទេសអាល្លឺម៉ង់៕