លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump )បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់ពេញលេញ និងទាំងស្រុងភ្លាមៗ បន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលមានកំណត់កាលពីថ្ងៃចន្ទ លើមូលដ្ឋានយោធាអាមេរិកក្នុងប្រទេសកាតា ជាការសងសឹកចំពោះការទម្លាក់គ្រាប់បែករបស់អាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន។

លោក Trump បានបង្ហោះលើបណ្ដាញសង្គម Truth Social ថាបទឈប់បាញ់ជាដំណាក់កាលរយៈពេល ២៤ ម៉ោងនឹងចាប់ផ្តើមនៅប្រហែលពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារម៉ោងក្នុងស្រុកដោយផ្តល់ឱ្យប្រទេសទាំងពីរនូវរយៈពេល៦ម៉ោងដើម្បីសម្រួលនិងបញ្ចប់បេសកកម្មចុងក្រោយរបស់ពួកគេ។ លោកបាននិយាយថាប្រការនេះ នឹងនាំមកនូវការបញ្ចប់ជាផ្លូវការចំពោះសង្រ្គាមរវាងប្រទេសទាំងពីរ។
យោធាអ៊ីស្រាអែលបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់លោក Trump ហើយការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ពុំបានឆ្លើយតបភ្លាមៗចំពោះសារដែលស្វែងរកការអត្ថាធិប្បាយនោះទេ ។អ៊ីរ៉ង់និយាយថាខ្លួននឹងយល់បទឈប់បាញ់ បើអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារ។
ការវាយប្រហាររបស់អ៊ីរ៉ង់កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានបង្ហាញថាខ្លួនបានត្រៀមខ្លួនដើម្បីដកថយពីការបង្កើនភាពតានតឹងក្នុងតំបន់ដែលមានការប្រែប្រួល។ លោកប្រធានាធិបតី Donald Trump ដែលបានច្រានចោលការវាយប្រហារនេះថាជា "ការឆ្លើយតបខ្សោយខ្លាំង" បាននិយាយថា សហរដ្ឋអាមេរិកត្រូវបានព្រមានដោយអ៊ីរ៉ង់ជាមុន ហើយមិនមានអ្នកស្លាប់និងរបួសនោះទេ។កាតាបានថ្កោលទោសការវាយប្រហារលើមូលដ្ឋានទ័ពអាកាស Al Udeid ថាជាការរំលោភលើអធិបតេយ្យភាព ដែនអាកាស និងច្បាប់អន្តរជាតិរបស់ខ្លួន។ ប្រទេសកាតាបាននិយាយថា ខ្លួនបានស្ទាក់ចាប់បានមីស៊ីល១៨គ្រាប់ក្នុងចំណោម១៩គ្រាប់ ទោះគេមិនច្បាស់ថា មីស៊ីលមួយគ្រាប់នោះបានបង្កការខូចខាតអ្វីខ្លះក៏ដោយ៕

