ចៅក្រមសហព័ន្ធ កាលពីថ្ងៃចន្ទ (២៣ មិថុនា) បានរារាំងរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump មិនឱ្យអនុវត្តផែនការរបស់លោកក្នុងការហាមប្រាមជនបរទេសមិនឱ្យចូលទឹកដីសហរដ្ឋអាមេរិក ដើម្បីទៅសិក្សានៅសកលវិទ្យាល័យ Harvard ដ៏ល្បីល្បាញ។

ចៅក្រមប្រចាំតំបន់អាមេរិក Allison Burroughs នៅទីក្រុង Boston បានចេញដីកាហាមឃាត់រដ្ឋបាលរបស់លោក Trump មិនឱ្យអនុវត្តនូវកិច្ចប្រឹងប្រែងចុងក្រោយរបស់ខ្លួន ក្នុងការកាត់បន្ថយសមត្ថភាពរបស់ Harvard ក្នុងការទទួលនិស្សិតអន្តរជាតិ ស្របពេលជម្លោះកាន់តែខ្លាំងរវាងលោក Trump ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ ទល់នឹងសកលវិទ្យាល័យដ៏មានកិត្យានុភាពមួយនេះ។
ដីកាបឋមថ្មីនេះ បានបន្ថែមពេលវេលាដល់ដីកាបណ្ដោះអាសន្នមួយ ដែលចៅក្រមបានចេញកាលពីថ្ងៃទី០៥ ខែមិថុនា ដែលរារាំងរដ្ឋបាលមិនឱ្យអនុវត្តសេចក្តីប្រកាសដែលលោក Trump បានចុះហត្ថលេខា ដោយលើកហេតុផលកង្វល់សន្តិសុខជាតិដើម្បីបង្ហាញពីភាពត្រឹមត្រូវថាហេតុអ្វីបានជាសាលា Harvard លែងអាចទុកចិត្តបានទៀតក្នុងការទទួលនិស្សិតអន្តរជាតិ។
គួរឱ្យដឹងថា និស្សិតអន្តរជាតិជិត ៦.៨០០នាក់ បានចូលរៀននៅសកលវិទ្យាល័យ Harvard ក្នុងឆ្នាំសិក្សាថ្មីបំផុតរបស់ខ្លួន ដែលស្មើនឹង ២៧% នៃចំនួននិស្សិតនៃសាលាដ៏មានកិត្យានុភាពមានមូលដ្ឋាននៅរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិក មួយនេះ៕

