ភ្នំពេញ ៖ នៅក្នុងខណៈដែលត្រូវបានសម្តេចតេជោ អនុញ្ញាតឱ្យចូលជួបសំដែងការគួរសមនៅភូមិគ្រឹះក្រុងតាខ្មៅនាព្រឹកថ្ងៃទី២៨ធ្នូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានគោរពជំរាបជូនសម្តេចថាឆ្នាំ២០២២ភាគីទាំង២កម្ពុជា-ជប៉ុននឹងប្រារព្ធខួប៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាពដែលពេលនោះជប៉ុននឹងបញ្ជូននាវាស្វ័យការពារជើងទឹកចូលចតនៅខេត្តព្រះសីហនុ។
នៅក្នុងឱកាសជំនួបនោះដែរ ឯកឧត្ដម ម៉ាសាហ៊ីរ៉ូ មិកាមី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក៏ បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ជប៉ុន ដែលក្នុងនោះមានវិស័យសុខាភិបាលដែលជប៉ុនបានផ្ដល់វ៉ាក់សាំង អាស្ត្រាហ្សេនីកាចំនួន៣០លានដូសជូនកម្ពុជា
ហើយឯកឧត្តមក៏គោរពជម្រាបជូនសម្ដេចថាឆ្នាំ២០២២គឺជាខួប ៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាព (PKO)ដែលពេលនោះជប៉ុនត្រៀមនឹងបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា។ជប៉ុនក៏នឹងអញ្ជើញឯកឧត្តមហ៊ុនម៉ាណែតដើម្បីទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនលើវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន។ឯកឧត្តមមីកាមិក៏បានគោរពជម្រាបជូនសម្ដេចតេជោថាជប៉ុនបានផ្ដល់រថយន្តមួយចំនួនជូនដល់ក្រសួងការបរទេសក៏ដូចជាសម្ភារៈមួយចំនួនផងដែរហើយត្រៀមនឹងផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រដល់កម្ពុជាធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២។
ជប៉ុនមានក្រុមហ៊ុនមួយចំនួនគ្រោងបង្កើតរោងចក្រផលិតអគ្គិសនីដោយឧស្ម័នធម្មជាតិនិងពន្លឺព្រះអាទិត្យនៅកម្ពុជាផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូតបានគោរពជម្រាបជូនសម្ដេចតេជោនូវការគាំទ្ររបស់ជប៉ុនធ្វើយ៉ាងណាជំរុញកំពង់ផែខេត្តព្រះសីហនុឱ្យក្លាយទៅជាកំពង់ផែស្នូលរបស់ប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោបានអរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុនដែលបានជួយដល់កម្ពុជានូវវ៉ាក់សាំងក៏ដូចជាជំនួយដទៃទៀតដូចជាបរិក្ខារផ្សេងៗដើម្បីជួយកម្ពុជាក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងក្នុងការរាតត្បាតជំងឺកូវីដ-១៩ ហើយសម្ដេចក៏បានថ្លែងអំណរគុណផងដែរ
ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននានានិងអរគុណការផ្ដល់រថយន្តក៏ដូចជាការផ្ដល់ជាសម្ភារៈនិងកិច្ចសហប្រតិបត្តិការនិងការគាំទ្រដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការដឹកនាំជាប្រធានអាស៊ាននៅពេលខាងមុខ។ចំពោះការអញ្ជើញឯកឧត្តមហ៊ុនម៉ាណែតទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននិងដំណើរចុះចតនាវានៅកំពង់ផែខេត្តព្រះសីហនុនៅកម្ពុជាសម្ដេចក៏បានស្វាគមន៍និងមានប្រសាសន៍ថាក្នុងខួប៣០ឆ្នាំនៃPKOនៅឆ្នាំ ២០២២ខាងមុខនេះ គប្បីណារៀបចំធ្វើខួបនេះឲ្យក្លាយទៅជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ៕ អត្ថបទ មុត សុទ្ធ