ប្រភពវេជ្ជសាស្ត្របាននិយាយថា មនុស្សយ៉ាងហោចណាស់៤៣នាក់បន្ថែមទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារផ្សេងៗរបស់អ៊ីស្រាអែលចាប់តាំងពីព្រឹកព្រលឹម ខណៈយោធាកំពុងវាយលុកតំបន់ដែលរងការឡោមព័ទ្ធមួយឥតឈប់ឈរ ស្របពេលចំនួនអ្នកស្លាប់សរុបរបស់ពលរដ្ឋប៉ាឡេស្ទីនក្នុង សង្គ្រាមរ៉ាំរ៉ៃនេះ បានកើនឡើងលើសពី ៥៦.០០០ នាក់ ។

អ្នកដែលត្រូវបានសម្លាប់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រួមមានអ្នកស្វែងរកជំនួយយ៉ាងហោចណាស់ ២០ នាក់ដែលបានបាត់បង់ជីវិតពេលកំពុងព្យាយាមស្វែងរកអាហារសម្រាប់គ្រួសាររបស់ពួកគេនៅឯមជ្ឈមណ្ឌលចែកចាយមូលនិធិមនុស្សធម៌ហ្កាហ្សាគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងគាំទ្រដោយអ៊ីស្រាអែល ដែលអង្គការសហប្រជាជាតិបានថ្កោលទោសថាយកជំនួយធ្វើជាអាវុធ។

ការសម្លាប់នេះគឺជាវិនាសកម្មចុងក្រោយបង្អស់ក្នុងរលកនៃការសម្លាប់រង្គាលប្រចាំថ្ងៃ ដោយផ្តោតលើប្រជាជនប៉ាឡេស្ទីនកំពុងស្រេកឃ្លាន ដែលបន្តធ្វើដំណើរដ៏គ្រោះថ្នាក់ទៅកាន់ចំណុចចែកចាយអាហារ។ ក្រុមអ្នករិះគន់បានថ្កោលទោសទីតាំងចែកចាយជំនួយទាំងនេះថាជា "កន្លែងសត្តឃាតសម្រាប់មនុស្ស" ស្របពេលមានភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរ និងវិបត្តិទុរ្ភិក្សកំពុងកើតមាន។

ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រជាជនប៉ាឡេស្ទីននៅជិតមជ្ឈមណ្ឌលផ្តល់ជំនួយបានសម្លាប់មនុស្សជាង៤០០ នាក់ និងរបួសប្រហែល១.០០០នាក់ ចាប់តាំងពីមូលនិធិជំនួយមនុស្សធម៌នេះ បានចាប់ផ្តើមចែកចាយនៅថ្ងៃទី ២៧ ខែឧសភា។
លោក Hani Mahmoudអ្នកសារព័ត៌មានរបស់ Al Jazeera រាយការណ៍ពីទីក្រុង ហ្កាហ្សា ថា ហ្វូងមនុស្សស្រេកឃ្លានប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលចែកចាយអាហារនៅក្រុង Rafah ឬច្រករបៀង Netzarim មកទល់ពេលនេះ ។អ្នកស្វែងរកជំនួយ ១៣ នាក់ត្រូវបានបាញ់សម្លាប់នៅថ្ងៃនេះ។ ពួកគេស្ថិតក្នុងចំណោមមនុស្ស៣០ នាក់ដែលត្រូវបានសម្លាប់ដោយយោធាអ៊ីស្រាអែលតាំងពីព្រឹកព្រលឹម៕