ប្រធានទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់ទីក្រុងគីវ ឬហៅថា សេវាចារកម្ម SBU បាននិយាយកាលពីថ្ងៃចន្ទ (២៣ មិថុនា) ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy គឺជាគោលដៅនៃផែនការធ្វើឃាតមួយក្នុងឆ្នាំ២០២៤ ដែលគ្រោងអនុវត្តដោយនិវត្តន៍ជនជាពលរដ្ឋប៉ូឡូញ ដែលដើមឡើយត្រូវបានជួលធ្វើការដោយសហភាពសូវៀត កាលពីប៉ុន្មានទសវត្សរ៍មុន។

ឧត្តមសេនីយឯក Vasyl Malyuk ប្រធាន SBU របស់អ៊ុយក្រែន ដែលជាទីភ្នាក់ងារសន្តិសុខដ៏សំខាន់របស់រដ្ឋាភិបាលគីវ បានរៀបរាប់លម្អិតពីផែនការធ្វើឃាតដែលត្រូវបានចោទប្រកាន់នេះ នៅក្នុងបទសម្ភាសន៍សម្ងាត់មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ដោយសំដៅលើឧប្បត្តិហេតុពីខែមេសា ឆ្នាំ២០២៤។ សារព័ត៌មាន TSN បានរាយការណ៍ថា លោក Malyuk បាននិយាយថា បុរសជនជាតិប៉ូឡូញរូបនោះ ត្រូវជួលដោយរុស្ស៊ី ជាមួយនឹងផែនការកម្ចាត់លោក Zelenskiy នៅឯអាកាសយានដ្ឋាន Rzeszów-Jasionka របស់ប៉ូឡូញ ដោយប្រើយានដ្រូន ឬកាំភ្លើងវែង។

សារព័ត៌មាន RBC រាយការណ៍ថា ជនដែលនឹងត្រូវធ្វើសកម្មភាពឃាតកម្មនោះ គឺជាអ្នកជឿយ៉ាងមុតមាំលើមនោគមវិជ្ជាសូវៀត ហើយបានបន្តរក្សាជំនឿរបស់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែផែនការនេះត្រូវបានរារាំងដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសេវា SBU និងសេវាកម្មសន្តិសុខក្នុងស្រុកប៉ូឡូញ (ABW)។

លោក Zelenskiy បានក្លាយជាគោលដៅនៃផែនការធ្វើឃាតយ៉ាងលាក់កំបាំងជាច្រើនលើកច្រើនសារមកហើយ ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួនលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក។ នៅឆ្នាំ២០២៣ លោក Zelenskiy បាននិយាយថា លោករាប់លែងអស់ហើយលើចំនួនដងនៃការប៉ុនប៉ងធ្វើឃាតលើរូបលោក៕