ទីភ្នាក់ងារសារព័ត៌មានជាតិរបស់លីបង់ បានឱ្យដឹងថា ការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅជាយក្រុងនៃតំបន់ជាច្រើននៅភាគខាងត្បូងលីបង់ រួមទាំងភូមិ Zrariyeh, Kfrar Milki និង Ansar ស្របពេលជម្លោះដ៏តានតឹងជាមួយអ៊ីរ៉ង និងយុទ្ធនាការយោធាកំពុងបន្តនៅដែនដីហ្កាហ្សា។

ការវាយប្រហារកាលពីថ្ងៃចន្ទ (២៣ មិថុនា) នេះទំនងជាបានដាក់គោលដៅលើតំបន់បើកចំហនៅខាងក្រៅទីប្រជុំជន ខណៈមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនោះទេ។
ការវាយប្រហារតាមអាកាសក្នុងថ្ងៃចន្ទនេះ ត្រូវបានរាយការណ៍ថាមានកម្រិតខ្លាំងក្លាជាងការបំពានធម្មតា និងជិតរាល់ថ្ងៃ ដែលអ៊ីស្រាអែលបានអនុវត្ត - ចាប់តាំងពីបទឈប់បាញ់ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានបញ្ចប់សង្គ្រាម ១៤ខែរបស់ខ្លួនជាមួយក្រុមហេសបូឡា។ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនវាយប្រហារលើឃ្លាំងគ្រាប់រ៉ូកែត និងសព្វាវុធរបស់ក្រុមហេសបូឡា ប៉ុន្តែមិនផ្តល់ភស្តុតាងណាមួយឡើយ។
គួររម្លឹកថា កាលពីដើមខែនេះ អ៊ីស្រាអែលបានវាយប្រហារជាបន្តបន្ទាប់ សំដៅទៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដោយបានបង្ខំអ្នកស្រុកជាច្រើននាក់ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីបានចេញបញ្ជាជម្លៀសដោយបង្ខំមួយម៉ោងមុនការវាយប្រហារនៅពេលនោះ។
ប្រធានក្រុមហេសបូឡា លោក Naim Qassem បានព្រមានកាលពីសប្តាហ៍មុនថា ក្រុមនេះអាចនឹងចាត់វិធានការ "សមស្រប" ប្រសិនបើជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែធ្ងន់ធ្ងរឡើង។ រហូតមកទល់ពេលនេះ ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយនេះមិនបានធ្វើអន្តរាគមន៍ផ្នែកយោធាក្នុងជម្លោះនោះទេ ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump ទើបតែបានប្រកាសបទឈប់បាញ់មួយរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់៕

