រុស្ស៊ី និងចិន បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់អាមេរិក លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយព្រមានថា សកម្មភាពយោធាកាលពីចុងសប្ដាហ៍នោះ អាចអូសទាញពិភពលោកឱ្យធ្លាក់ក្នុងសង្រ្គាមសកលកាន់តែទូលំទូលាយ និងបង្កើតជាគំរូអន្តរជាតិដ៏គ្រោះថ្នាក់មួយ។

ប្រតិកម្មនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលអ៊ីរ៉ង់ បាញ់មីស៊ីលលើមូលដ្ឋានអាមេរិក ក្នុងប្រទេសកាតា កាលពីថ្ងៃចន្ទ ហើយក៏កើតឡើងមុនពេលអាមេរិក ប្រកាសបទឈប់បាញ់រវាងអ៊ីស្រាអែល-អ៊ីរ៉ង់។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃចន្ទ បានពណ៌នាការវាយប្រហាររបស់អាមេរិកថា "មិនសមហេតុផល" ហើយព្រមានថា ប្រតិបត្តិការយោធារបស់ទីក្រុងវ៉ាស៊ីនតោន កំពុងរុញច្រានពិភពលោកឆ្ពោះទៅរកចំណុចដ៏គ្រោះថ្នាក់។
រដ្ឋាភិបាលចិនក៏ថ្លឹងថ្លែងលើរឿងនេះដែរ ដោយរដ្ឋមន្ត្រីការបរទេស លោក Wang Yi បានថ្កោលទោសទាំងការវាយប្រហាររបស់អ៊ីស្រាអែល លើអ៊ីរ៉ង់ និងការទម្លាក់គ្រាប់បែករបស់អាមេរិក លើទីតាំងនុយក្លេអ៊ែរក្រុងតេអេរ៉ង់ ដោយនិយាយថា ហេតុផលនៃការវាយប្រហារលើ "ការគំរាមកំហែងនាពេលអនាគតដែលអាចកើតមាន" បានបញ្ជូនសញ្ញាខុសឆ្គងដល់ពិភពលោក ហើយលោកជំរុញឱ្យរវិលត្រឡប់ទៅរកការទូតវិញ។
ភាពតានតឹងបានកើនឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយប្រធានាធិបតីអាមេរិក លោក Donald Trump និងមន្ត្រីអ៊ីស្រាអែល បានពិភាក្សាដោយបើកចំហពីលទ្ធភាពក្នុងការធ្វើឃាតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងជំរុញឱ្យមានការផ្លាស់ប្តូររបប — នៅក្នុងជំហានមួយដែលវិមានក្រឹមឡាំងបានព្រមានថា អាចទម្លាក់តំបន់មជ្ឈិមបូព៌ាឱ្យចូលទៅក្នុងសង្រ្គាមពេញបន្ទុក៕


