អឺរ៉ុប៖ ប្រទេសជាច្រើនតំបន់អឺរ៉ុបកំពុងមើលឃើញការកើនឡើងនៃករណីឆ្លងវីរុស COVID-19 ជាថ្មីទៀត ខណៈបណ្ដារដ្ឋាភិបាលនៅទូទាំងទ្វីបនេះជំរុញឱ្យទប់ស្កាត់ការឆ្លងវីរុស COVID-19 ក្នុងអំឡុងរដូវកាលពិធីបុណ្យ។ ជាក់ស្ដែងប្រទេសអ៊ីតាលីបានរឹតបន្តឹងការរឹតត្បិតរបស់ខ្លួនបន្ថែមទៀត ដោយរារាំងមិនឱ្យអ្នកមិនទាន់បានចាក់វ៉ាក់សាំងចូលទៅទីសាធារណៈសំខាន់ៗ និងបង្ខំឱ្យពាក់ម៉ាស់ពេលចេញពីផ្ទះ។

នៅប្រទេសបារាំង ការប្រារព្ធពិធីចូលឆ្នាំសកលនៅក្រៅផ្ទះត្រូវបានហាមឃាត់ ហើយក្លឹបរាត្រីនឹងបិទរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ នាយករដ្ឋមន្ត្រីបារាំង លោក Jean Castex បានប្រកាសកាលពីថ្ងៃចន្ទ (២៧ ធ្នូ) ថា ចន្លោះពេលនៃការចាក់វ៉ាក់សាំងត្រូវបានកាត់បន្ថយមកត្រឹម ៣ខែសម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញ។ កាលពីថ្ងៃទី២៥ ខែធ្នូ ក្រុមអាជ្ញាធរសុខាភិបាលបាននិយាយថា ចំនួនករណីឆ្លងប្រចាំថ្ងៃបានហក់ឡើងជាង ១០០,០០០នាក់ជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ខណៈវីរុសបម្លែងខ្លួនថ្មី Omicron រីករាលដាលនៅទូទាំងប្រទេស។ ប្រទេសអេស្ប៉ាញនឹងធ្វើឱ្យការពាក់ម៉ាស់នៅខាងក្រៅផ្ទះជាកាតព្វកិច្ចជាថ្មីទៀត ដោយនាយករដ្ឋមន្ត្រីកំណត់ឱ្យអនុម័តច្បាប់ដោយក្រឹត្យ។ ប្រទេសនេះបានរាយការណ៍ពីករណីឆ្លងវីរុស COVID-19 ខ្ពស់បំផុតស្របពេលវីរុសបម្លែងខ្លួនថ្មី Omicron រីករាលដាលខ្លាំង។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលអង់គ្លេសបានទប់ទល់នឹងការរឹតត្បិតថ្មីនៅមុនថ្ងៃឈប់សម្រាក ទោះបីជាខ្លួននៅតែបន្តប្រយុទ្ធប្រឆាំងនឹងករណីឆ្លងវីរុស COVID-19 ដែលកំពុងហក់ឡើងខ្ពស់ដែលបង្កឡើងដោយវីរុសបម្លែងខ្លួនថ្មី Omicron ដែលអាចចម្លងបានកាន់តែច្រើនថែមទៀត។
ចំណែកនៅបែលហ្ស៊ិកវិញការតវ៉ាបានផ្ទុះឡើង បន្ទាប់ពីប្រទេសនេះបានដាក់ចេញនូវវិធានការរឹតត្បិតថ្មី ដោយបិទរោងភាពយន្ត មហោស្រព និងសកម្មភាពកម្សាន្តក្នុងស្រុកផ្សេងទៀត ខណៈវីរុសបម្លែងខ្លួនថ្មី Omicron រាតត្បាត។ ក្រុមបុគ្គលិកខាងវប្បធម៌ភាគច្រើនចំនួន ៥,០០០នាក់បានអះអាងថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ចំពោះជំហរមិនច្បាស់លាស់របស់ពួកគេ។ ហើយបាតុកម្មដោយស្ងប់ស្ងាត់បានកើតឡើងពេញផ្ទៃប្រទេស។ នៅប្រទេសក្រិករាល់ការប្រគំតន្ត្រីបុណ្យណូអែល និងព្រឹត្តិការណ៍ផ្សេងទៀតត្រូវបានលុបចោលនៅក្រោមការរឹតបន្តឹងថ្មី ដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដែលរួមមានការពាក់ម៉ាស់ជាកាតព្វកិច្ចពេលចេញទៅខាងក្រៅ និងកន្លែងសាធារណៈទាំងអស់៕
អត្ថបទ៖ សុខមាន