អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយកាលពីថ្ងៃចន្ទ (២៣ មិថុនា) ថា អ៊ីរ៉ង់ មិនអាចមានសមត្ថភាពបង្កើតអាវុធនុយក្លេអ៊ែរបានទៀតទេ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍ ដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរោងចក្រនុយក្លេរអ៊ែរធំៗចំនួន៣ របស់ទីក្រុងតេអេរ៉ង់។

លោក Vance បានប្រាប់ទូរទស្សន៍ Fox News ក្នុងបទសម្ភាសន៍មួយថា "ពីមុន អ៊ីរ៉ង់ជិតមានអាវុធនុយក្លេអ៊ែរទៅហើយ ប៉ុន្តែឥឡូវនេះ អ៊ីរ៉ង់មិនអាចបង្កើតអាវុធនុយក្លេអ៊ែរជាមួយឧបករណ៍ដែលនៅសេសសល់បានទេ ពីព្រោះអាមេរិក បានបំផ្លាញចោលអស់ហើយ"។
លោក Vance បន្តថា ជាមួយនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ "ត្រូវបំផ្លាញចោលអស់" សហរដ្ឋអាមេរិកសង្ឃឹមថា ទីក្រុងតេអេរ៉ង់ នឹងមិនព្យាយាមកសាងឡើងវិញទេ។ អនុប្រធានាធិបតីរូបនេះបានព្រមានថា ប្រសិនបើអ៊ីរ៉ង់ នៅតែចង់បង្កើតអាវុធនុយក្លេអ៊ែរក្នុងពេលអនាគត នោះនឹងត្រូវជួបជាមួយកម្លាំងយោធាអាមេរិកម្តងទៀត។
គួរឱ្យដឹងថា សហរដ្ឋអាមេរិក បានបើកប្រតិបត្តិការឈ្មោះថា "Midnight Hammer" ពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែក B-2 ចំនួន ៧គ្រឿង ហោះហើរអស់ពេល ១៨ម៉ោងពីអាមេរិកទៅកាន់អ៊ីរ៉ង់ ដើម្បីទម្លាក់គ្រាប់បែកឃួងបំផ្ទុះគោលដៅក្រោមដីគឺអាវុធយុទ្ធភណ្ឌដ៏ធំសម្បើម GBU-57 ចំនួន ១៤គ្រាប់ ដែលនីមួយៗមានទម្ងន់ ៣០.០០០ផោន ពោលគឺជាង ១៣.៦០០គីឡូក្រាម ហើយប្រើគ្រាប់បែកប្រព័ន្ធទូរបញ្ជា ៧៥គ្រាប់ រួមទាំងមីស៊ីល Tomahawk ជាង ២០គ្រាប់ ខណៈក៏ពាក់ព័ន្ធនឹងយន្តហោះយោធាអាមេរិកលើសពី ១២៥គ្រឿង នេះបើយោងតាមមន្ទីរបញ្ចកោណ៕


