បណ្ដារដ្ឋឈូងសមុទ្រពែក្សជាច្រើន រួមទាំងប្រទេសកាតា និងអេមីរ៉ាតអារ៉ាប់រួម បានបើកដែនអាកាសរបស់ពួកគេឡើងវិញ ហើយបន្តប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយចំនួនរបស់ពិភពលោក បន្ទាប់ពីអ៊ីរ៉ង់ បានបើកការវាយប្រហារតាមផ្លូវអាកាសសងសឹកលើមូលដ្ឋានអាមេរិក ក្នុងប្រទេសកាតា និងក្រោយពេលដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថាមានបទឈប់បាញ់មួយរវាងគូជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់។

នៅមុននោះ ប្រទេសកាតា បានហាមប្រាមជើងហោះហើរមិនឱ្យចូលក្នុងដែនអាកាសខ្លួន ដោយសារកំពុងត្រៀមទប់ប់ការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់។ ប្រទេសជិតខាង បារ៉ែន អេមីរ៉ាតអារ៉ាប់រួម និងគុយវ៉ែត បានអនុវត្តតាមយ៉ាងលឿនជាវិធានការប្រុងប្រយ័ត្ន។ ការរំខាននេះបានអូសបន្លាយជាច្រើនម៉ោង ហើយបណ្តាលឱ្យយន្តហោះរាប់សិបគ្រឿងបង្វែរទិសពីទីក្រុងធំៗក្នុងទីក្រុងឌុយបៃ និងដូហា។
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាស្ថាប័នអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក បាននិយាយថា "បន្ទាប់ពីការវាយតម្លៃហានិភ័យយ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្ន Emirates នឹងបន្តប្រតិបត្តិការជើងហោះហើរតាមការកំណត់ដោយប្រើផ្លូវហោះហើរដែលមានចម្ងាយឆ្ងាយពីតំបន់ជម្លោះ"។
ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានបញ្ជាក់ថា ខ្លួនបានដាក់ជើងហោះហើរឡើងវិញនៅថ្ងៃអង្គារ (២៤ មិថុនា) នេះនៅក្នុងសេចក្តីប្រកាសព័ត៌មាន ហើយបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍បានបន្ថែមបុគ្គលិកនៅអាកាសយានដ្ឋានអន្តរជាតិ Hamad ដើម្បីជួយបន្តប្រតិបត្តិការឡើងវិញ៕

