កម្តៅក្តៅខ្លាំងនៅតាមបណ្តោយឆ្នេរភាគខាងកើតសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ទី២៣ មិថុនា បានជំរុញឲ្យប្រជាជនទៅកាន់សួនឧទ្យាន និងប្រភពទឹកសាធារណៈ ខណៈពួកគេបាននាំយកទៅជាមួយនូវកង្ហារ អេឡិចត្រូនិកដែលអាចដាក់តាមខ្លួនបាន។

ប្រតិបត្តិករបណ្តាញអគ្គិសនីរបស់សហរដ្ឋអាមេរិក បានដឹកនាំរោងចក្រថាមពលឱ្យត្រៀមជាស្រេចដើម្បីដំណើរការក្នុងកម្រិតអតិបរមាដើម្បីបំពេញតម្រូវការអគ្គិសនីកើនឡើង ដែលនាំមកដោយរលកកម្តៅដ៏គ្រោះថ្នាក់ដែលនឹងប៉ះពាល់ដល់ពាក់កណ្តាលនៅភាគខាងកើតប្រទេស ខណៈតម្លៃថាមពលកំពុងកើនឡើងដល់កម្រិតខ្ពស់។
ក្រុមហ៊ុនបាននិយាយថា អតិថិជនជាច្រើនពាន់នាក់របស់ក្រុមហ៊ុន Con Edison ជាក្រុមហ៊ុនអគ្គិសនីគ្រប់គ្រងដោយវិនិយោគិននៅក្នុងទីក្រុងញូវយ៉ក គ្មានអគ្គិសនីប្រើប្រាស់ដោយសារតែសីតុណ្ហភាពក្តៅខ្លាំង។ ក្រុមហ៊ុន Con Edison បានស្ដារថាមពលឡើងវិញដល់អតិថិជន១.៦០០នាក់នៅក្នុងសង្កាត់ Queens ជាសង្កាត់នៅទីក្រុងញូវយ៉ក ខណៈលំនៅឋាន និងអាជីវកម្មជាង៦.២០០កន្លែង នៅតែគ្មានអគ្គិសនីប្រើប្រាស់។
មន្ត្រីឧតុនិយមនៅការិយាល័យព្យាករណ៍អាកាសធាតុ AccuWeather បានព្យាករថាសីតុណ្ហភាពខ្ពស់នៅទីក្រុងញូវយ៉ក ជាទីក្រុងធំបំផុតនៅសហរដ្ឋអាមេរិក មានកំណត់ត្រាសីតុណ្ហភាខ្ពស់៣៥,៦អង្សាសេ កាលពីថ្ងៃចន្ទ ហើយនៅថ្ងៃអង្គារនេះនឹងមានសីតុណ្ហភាពកើនឡើងខ្ពស់ជាងនេះ ខណៈត្រូវបានព្យាករថានឹងចុះត្រជាក់វិញចាប់ពីថ្ងៃពុធ។

