តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានដកចេញការកំណត់លើការនិរទេសជនអន្តោប្រវេសន៍របស់រដ្ឋបាល លោក Trump ទៅកាន់ «ប្រទេសទីបី»។

សេចក្តីសម្រេចរបស់តុលាការកំពូលដែលមានសំឡេងភាគច្រើនដោយក្រុមអភិរក្សនិយម បានធ្វើឡើងនៅក្នុងជម្លោះផ្លូវច្បាប់ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក Trump ក្នុងការនិរទេសជនអន្តោប្រវេសន៍យ៉ាងឆាប់រហ័សទៅកាន់ប្រទេសផ្សេងៗក្រៅពីប្រទេសរបស់ពួកគេ។

រដ្ឋបាលរបស់លោក Trump បានសាទរចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល។ លោកស្រី Tricia McLaughlin ឧបការីទទួលបន្ទុកកិច្ចការសាធារណៈនៅក្នុងក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក (DHS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីសម្រេចនេះគឺជា «ជ័យជម្នះសម្រាប់សុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនអាមេរិក»។
លោកស្រីបាននិយាយបន្ថែមថា «បច្ចុប្បន្ននេះក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក (DHS) អាចអនុវត្តសិទ្ធិអំណាចស្របច្បាប់របស់ខ្លួន និងដកជនបរទេសខុសច្បាប់ទៅកាន់ប្រទេសដែលមានបំណងទទួលយកពួកគេ»។