បាល់ឱប៖ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំ កាយ និងកីឡា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់សហព័ន្ធកីឡាបាល់ឱបកម្ពុជា ពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនីដើម្បីត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ក៏ដូចជាដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។

ការថ្លែងកោតសរសើរពីសំណាក់តំណាងក្រសួងអប់រំ យុវជន និងកីឡានេះធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកីឡាបាល់ឱបាបកម្រិត១ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ។ លោកថា ទោះបីកីឡាបាល់ឱបទទួលបានថវិកាគាំទ្រពីក្រសួងអប់រំមិនច្រើន ដូចសហព័ន្ធជាតិធំៗមួយចំនួន តែសហព័ន្ធបានព្យាយាមប្រើប្រាស់ថវិកាចំគោលដៅ ទាំងការងារដ្ឋបាល ការបណ្ដុះបណ្ដាល និងការរៀបចំការប្រកួតជាដើម។ តាមរយៈនេះលោកបានគាំទ្រ និងជំរុញសហព័ន្ធឲ្យបន្ដការខិតខំប្រឹងបន្ថែមទៀតដើម្បីស្វែងរកឧត្តមភាព និងកិត្តិយសជូនជាតិទាំងក្នុងស្រុក និងលើឆាកអន្ដរជាតិនាពេលខាងមុខ។ លោក លន់ សាមឌី អនុប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជាបានបញ្ជាក់ថា ការបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ក៏ជាផ្នែកមួយនៃផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដើម្បីពង្រឹងការអភិវឌ្ឍនូវធនធានមន្ដ្រីបច្ចេកទេសឆ្ពោះទៅរកកម្រិតជាតិ និងអន្ដរជាតិ ដែលជាយុទ្ធសាស្ដ្រយកប្រៀបមួយក្នុងការប្រកួតកម្រិតអន្ដរជាតិ នៅពេលដែលមានកីឡាករ-កីឡាការិនីចូលរួម។
តាមរយៈនេះ លោកបានជំរុញឲ្យសិក្ខាកាមទាំងអស់ ក្រោយបញ្ចប់វគ្គនេះត្រូវបន្ដសិក្សាស្វែងយល់បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពឈានទៅអាជ្ញាកណ្ដាលកម្រិតខ្ពស់ ដែលអាចចូលរួមកាត់សេចក្ដីក្នុងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនាថ្ងៃអនាគតបាន។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកីឡាបាល់ឱបកម្រិត១ ខាងលើមានសិក្ខាកាម ២៥នាក់មកពី ៩សមាគម/ក្លិបរួមទាំងមន្ដ្រីសហព័ន្ធ។ ជាលទ្ធផលនៃការសិក្សាត្រូវបានវាយតម្លៃ មានសិក្ខាកាមទទួលបានិទ្ទេសល្អ ៥០%, និទ្ទេសល្អបង្គួរ ៣០% និងនិទ្ទេសមធ្យម ២០%៕
អត្ថបទ៖ លី ឈុនឡា