ផ្លូវនានាក្នុងទីក្រុងតេអេរ៉ង់ភាគច្រើនស្ងប់ស្ងាត់នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនានេះ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បាននិយាយថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានចូលជាធរមាន។
មន្ត្រីនិយាយថា នាយករដ្ឋមន្ត្រីប្រទេសកាតា លោក Sheikh Mohammed bin Abdulrahman Al Thani បានធានាដល់កិច្ចព្រមព្រៀងរបស់ទីក្រុងតេអេរ៉ង់ចំពោះសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់ អំឡុងពេលសន្ទនាជាមួយមន្ត្រីអ៊ីរ៉ង់ ដែលបានធ្វើឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកក្នុងប្រទេសកាតា កាលពីថ្ងៃចន្ទ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា បទឈប់បាញ់បានចូលជាធរមានរួចហើយ ហើយបានស្នើសុំឱ្យបទឈប់បាញ់នេះមិនត្រូវបានរំលោភបំពានឡើយ។ ទីភ្នាក់ងារសារព័ត៌មាន SNN របស់អ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃអង្គារនេះថា ទីក្រុងតេអេរ៉ង់ បានបាញ់មីស៊ីលជុំចុងក្រោយរបស់ខ្លួនមុនពេលបទឈប់បាញ់ចូលជាធរមាន។
អ៊ីស្រាអែល ដែលចូលរួមដោយសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍ បានវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បន្ទាប់ពីការចោទប្រកាន់ថាទីក្រុងតេអេរ៉ង់ថា ជិតទទួលបានអាវុធនុយក្លេអ៊ែរ។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលក្នុងការសងសឹកវិញទៅលើអ៊ីស្រាអែល ហើយការវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាមេរិក គឺជាផ្នែកនៃការឆ្លើយតបនេះ។
