ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ជំហានទីពីរ ចំនួនជាង១លាន៥សែនដូស ជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី នាយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។
ការថ្លែងរបស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត យ៉ាងដូច្នេះ នាឱកាសចុះពិនិត្យអគារមនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាព្រឹកថ្ងៃទី២៨ ខែធ្នូនេះ។ លោកជំទាវ វេជ្ជបណ្ឌិត បន្តថា កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួនជាង១លាន៥សែនដូស ជាដំណាក់កាលទីពីរ ដែលដំណាក់កាលទីមួយ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី កាលពីថ្ងៃទី២៦ ខែធ្នូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា លោកបានអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ចំនួនជាង៧៨ម៉ឺនដូស នៃចំនួន២.៣លានដូស ដែលភាគីអូស្រ្តាលីប្រគល់ជូន។ ដូច្នេះកម្ពុជា ទទួលវ៉ាក់សាំងគ្រប់ចំនួននាយប់នេះ។
.....សម្លេងលោកជំទាវ យក់ សម្បតិ្ត យកជិត០១នាទី.....(sound 01)
និយាយដោយឡែកចំពោះដំណើរការសាងសង់អគារមនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល មានមោទនភាពដោយទទួលបាននូវសមិទ្ធផល ដ៏ធំធេងជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិត ចិន ដែលជាមិត្តដែកថែប និងជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា-ចិន និងបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យបានស្អិតរមួត និងកាន់តែយូរអង្វែង។ ព្រោះថាមិត្តចិន តែងតែយកចិត្តទុកដាក់មកលើកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។ ដូច្នេះអគារមនី្ទរពេទ្យនេះ គឺជាស្នាដៃមួយដ៏ធំធេង និងជាការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការបង្កើន និងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់នូវការព្យាបាលសុខភាពជូនប្រជាពលរដ្ឋ។ ហើយអគារដ៏ស្គឹមស្គៃនេះ ត្រូវបានចំណាយថវិកាក្នុងការសាងសង់ចំនួនជាង៨០លានដុល្លារអាមេរិក ក្នុងដំណើរការសាងសង់នេះ យើងបានសហការជាមួយក្រុមហ៊ុន នៅប្រទេសចិន ចាប់តាំងពីខែតុលា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ។ ដូចនេះតាមការពិនិត្យមើលពីវឌ្ឍនភាពក្នុងការសាងសង់នេះ សង្កេតឃើញថាការងារសឹងតែចប់សព្វគ្រប់ហើយ ទន្ទឹមនឹងនោះក្នុងរយៈពេល១ខែទៀតប៉ុណ្ណោះ ភាគីចិន នឹងប្រគល់អគារមនី្ទរពេទ្យនេះមកឲ្យក្រសួងសុខាភិបាល ក៏ដូចជាមនី្ទរពេទ្យព្រះកុសុមៈទាំងមូល ដើម្បីដាក់ឲ្យដំណើរការ ហើយយើងនឹងគោរពស្នើសុំការអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ដើម្បីអញ្ជើញមកសម្ពោធបើកឲ្យដំណើរការអគារមនី្ទរពេទ្យដ៏ធំស្គឹមស្គៃនេះ។ ជាការពិតណាស់ ក្រៅពីមនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យើងក៏នៅមានមនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តឃ្មុំ ក៏ជាមនី្ទរ ពេទ្យមួយដ៏ធំ ដែលជាមនី្ទរពេទ្យមួយជួយថ្នាក់តំបន់ និងអគារជំងឺឆ្លងមួយថ្មីទៀតដែលយើងកំពុងសិក្សាជាមួយភាគីចិន ក្នុងនោះប្រមុខរាជរដ្ឋាភិបាល បានផ្តល់ទីតាំងមួយ ស្ថិតនៅតំបន់កប់ស្រូវ មានទំហំរហូតដល់១០ហិចតា និងសមិទ្ធផលផ្សេងៗទៀត ដូចជាសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ឱសថ និងការបណ្តុះបណ្តាល ជាការផ្តល់នូវអ្នកជំនាញការ ជាពិសេសចិន បន្តជួយផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផងដែរ៕ អត្ថបទ ៖ រដ្ឋា









