ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូ ទីន (Vladimir Putin) បានពណ៌នាការវាយប្រហារនាពេលថ្មីៗនេះ ទៅលើប្រទេសអ៊ីរ៉ង់ថា ជាការឈ្លានពានដែលគ្មានន័យ ដោយគ្មានហេតុផលច្បាស់លាស់។
លោក ពូទីន បានថ្លែងថា៖«នេះគឺជាសកម្មភាពឈ្លានពានដែលគ្មានន័យប្រឆាំងនឹងអ៊ីរ៉ង់ ពុំមានមូលដ្ឋាន ឬហេតុផលណាមួយឡើយ»។
លោកបានបញ្ជាក់ជាថ្មីនូវជំហររបស់រុស្ស៊ី ដោយសង្កត់ធ្ងន់ថា៖«ជំហររបស់យើងចំពោះព្រឹត្តិការណ៍បច្ចុប្បន្ន ត្រូវបានគេដឹងយ៉ាងច្បាស់។ ជំហរនេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ ដោយក្រសួងការបរទេសក្នុងនាមរុស្ស៊ី»។

ដូចដែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនាពេលមុននេះ ទីក្រុងមូស្គូបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់អាមេរិក ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ក្រសួងបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះអរិភាព និងបានជំរុញឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីនាំស្ថានការណ៍នេះឲ្យត្រឡប់ទៅរកផ្លូវនយោបាយ និងសន្តិភាព។
ការកើនឡើងភាពតានតឹងនេះ បានចាប់ផ្តើម នៅថ្ងៃទី ១៣ ខែមិថុនា នៅពេលដែលអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ ក្រោយមកមិនបានមួយថ្ងៃផងនោះ ទីក្រុងតេអេរ៉ង់ បានឆ្លើយតបជាមួយនឹងការវាយប្រហារសងសឹក។ វដ្តនៃការវាយប្រហារទៅវិញទៅមក បានបន្តកើតមាន ដោយភាគីទាំងសងខាង បានរាយការណ៍ពីអ្នកស្លាប់និងរងរបួស និងការខូចខាតដល់កន្លែងមួយចំនួន។
ក្នុងជម្លោះរយៈពេល ៩ថ្ងៃ នៅថ្ងៃទី២២ ខែមិថុនា សហរដ្ឋអាមេរិក បានចូលរួមក្នុងការកើនឡើងភាពតានតឹងនេះ ដោយយន្តហោះទម្លាក់គ្រាប់បែកអាមេរិក បានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីគឺ Fordow, Natanz និង Isfahan ។
