ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងមូស្គូអំពាវនាវឲ្យបញ្ឈប់បង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា ដោយជៀសវាងសកម្មភាពបង្កហេតុ និងបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយ និងការទូតឡើងវិញ។
ក្រសួងបានបញ្ជាក់ថា៖«ជាថ្មីម្តងទៀត យើងអំពាវនាវឲ្យបញ្ឈប់ការកើនឡើងភាពតានតឹងប្រដាប់អាវុធដែលកំពុងបន្ត និងជៀសវាងពីសកម្មភាពបង្កហេតុ និងវោហាសាស្ត្រ។ ពេលនេះ លើសពីពេលណាៗទាំងអស់ យើងត្រូវបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយ និងការទូតឡើងវិញ ហើយបន្តការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ»។

ក្រសួងបានបន្តថា៖«ដូចដែលភាគីរុស្ស៊ីបានព្រមានថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រា អែលលើអ៊ីរ៉ង់ កំពុងបង្កឲ្យមានការកើនឡើងភាពតានតឹងយ៉ាងខ្លាំង និងធ្វើឲ្យស្ថានភាពអស្ថិរភាព នៅមជ្ឈិមបូព៌ា និងឈូងសមុទ្រពែរ្ស»។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការវាយប្រហារធ្វើឲ្យប៉ះពាល់ដល់សន្តិសុខពិភពលោក និងក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ ដោយជំរុញឲ្យមាន «ផលវិបាកយូរអង្វែង និងដ៏គ្រោះថ្នាក់បំផុត ដល់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ផ្លូវអាកាស សមុទ្រ និងទំនាក់ទំនងផ្សេងទៀត ជាពិសេសចំពោះរបបមិនរីកសាយភាយអាវុធ»។
